(ភ្នំពេញ)៖ ក្រុមរបាំត្រុដិ មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ត្រូវបានអនុញ្ញាតឲ្យចូលទៅ សម្តែងនៅក្នុងភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលស្ថិតនៅក្បែរវិមានឯករាជ្យ ដើម្បីបណ្តេញចេញនូវរឿងរ៉ាវ មិនល្អក្នុងឆ្នាំចាស់ ហើយនាំជំនួសមកវិញនូវជោគជ័យ សិរីសួស្តី និងក្តីសុខក្សេមក្សាន្តសម្រាប់ក្រុមគ្រួសារ ប្រជាពលរដ្ឋ និងប្រទេស ជាតិទាំងមូល។
ពិធីសម្តែងរបាំត្រុដិនាព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការអញ្ជើញចូលរួមពីកូនៗ និងចៅៗប្រុសស្រីរបស់សម្តេច។ ពិធីត្រូវបានប្រព្រឹត្ត ទៅក្រោមបរិយាកាសរីករាយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្តែងរបាំត្រុដិនោះ ជាឱកាសមួយក្នុងបង្ហាញនូវរបាំដែលជាប្រពៃណី របស់ដូនតាខ្មែរ ចែកជូនចៅៗ របស់សម្តេចបានស្គាល់ និងស្វែងយល់ ហើយក៏ជាការល្អ ដែលកូនៗ និងចៅៗរបស់សម្តេចបានជួបជុំគ្នា។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានគេមើលឃើញថា ជាថ្នាក់ដឹកនាំជាតិ ដែលតែងតែគាំទ្រលើល្បែងរបាំ ដែលជា ទម្រង់សិល្បៈប្រពៃណីខ្មែរ ហើយក៏មានជំនឿយ៉ាងមុតមាំផងដែរទៅលើការសម្តែងរបាំត្រុដិនេះ។ ជារៀងរាល់ឆ្នាំនៅមុនការ ឈានចូល មកដល់នៃឆ្នាំថ្មី សម្តេចតែងអនុញ្ញាតឲ្យក្រុមរបាំត្រុដិចូលទៅសម្តែងនៅក្នុងភូមិគ្រឹះរបស់សម្តេច។
សូមបញ្ជាក់ថា របាំត្រុដិ គឺជារបាំប្រពៃណីរបស់ខ្មែរ ដែលមានអាយុកាលចំណាស់មួយមានកំណើតពីមនុស្សជាន់ដើមមួយពួកហៅថា «សំរ៉ែ» ដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់ តាំងពីដែនដីនេះមិនទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌាមកម្ល៉េះ។ សព្វថ្ងៃជនជាតិនេះ មានរស់នៅតិចតួចនៅក្នុងភូមិភាគខាងជើងបឹងទន្លេសាប ក្បែរខេត្តសៀមរាប ដែលជារាជធានីចាស់។
ចាប់ពីដើមសមយ័អង្គរ រហូតមកដល់បច្ចុប្បន្ន របាំត្រុដិបានរីកសាយភាយ នឹងមានប្រជាប្រិយភាពនៅទូទាំងប្រទេសកម្ពុជា។ របាំត្រុដិ ត្រូវបានសំដែង តែនៅពេលបុណ្យចូលឆ្នាំខ្មែរតែប៉ុណ្ណោះ តែជួនកាលក៏មានសម្តែងពេលប្រារព្វពិធីសុំទឹកភ្លៀង នៅពេលស្រុកទេស ជួបភាពរាំងស្ងួតផងដែរ។
កាលដើមឡើយជនជាតិ «សំរ៉ែ» សម្តែងរបាំត្រុដិនេះ ដើម្បីថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរ សិរីមង្គល លុះតំណក្រោយមកប្រជាជនខ្មែរបានសំដែងរបាំនេះ សម្រាប់ប្រសិទ្ធពរសព្វសារធុការពរជូនដល់អ្នកស្រុកជាទូទៅក្នុងឱកាសចូលឆ្នាំថ្មី។
ត្រុដិ មកពីពាក្យដើមភាសាសំស្រ្កឹតថា «ផ្តាច់» ឬ កាត់ផ្តាច់ គឺការផ្តាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី៕