(ភ្នំពេញ)៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យនិងពិភាក្សាអំពីលទ្ធផលនៃការស្រាវជ្រាវស៊ើបអង្កេតរឿងក្តីបទល្មើសធនធានធម្មជាតិ នៅចំណុចអូរហ៊ុច ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន សមាជិកនៃគណៈកម្មការជាតិ ព្រមទាំងសមាជិកនៃក្រុមការងាររបស់គណៈកម្មការជាតិជាច្រើនរូបផងដែរ។
យោងតាមស្មារតីអង្គប្រជុំ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីសម្រេចលេខៈ២០/២០១៧ សសរ. ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវ ស៊ើបអង្កេតរឿងក្តីបទល្មើសធនធានធម្មជាតិនៅចំណុចអូរហ៊ុច ខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា ក្រុមការងារនេះ មានសមាសភាពចម្រុះមកពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស, នគរបាលជាតិ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរ៉ែនិងថាមពល។
លោកថាក្រុមការងារនេះ មានភារកិច្ចដូចតទៅ៖ ធ្វើការទាក់ទងជាមួយក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធនានា, ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតដោយហ្មត់ចត់ ត្រឹមត្រូវតាមច្បាប់ រកឱ្យឃើញបុគ្គលដែលពាក់ព័ន្ធនឹងរឿងក្តីបទល្មើសធនធានធម្មជាតិ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចអូរហ៊ុច ខេត្តមណ្ឌលគិរី, ធ្វើការកោះហៅបុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសនេះ មកធ្វើការស្តាប់ចម្លើយ និងផ្ទៀងផ្ទាត់ជាមួយវត្ថុតាង ដើម្បីរកឱ្យឃើញការពិត, បូកសរុបលទ្ធផលការងារស្រាវជ្រាវ ស៊ើបអង្កេត ធ្វើរបាយការណ៍ជូនគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។