(ភ្នំពេញ)៖ រថយន្ត Kia Picanto ដែលជារថយន្តទើបតែចេញថ្មី បានដាក់លក់នៅទីផ្សារកម្ពុជា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ដែលនាំចូលដោយក្រុមហ៊ុន HGB Group Co., Ltd ជាប្រភេទរថយន្ត Smart City ពីប្រទេសកូរ៉េ មានតម្លៃ ២៣,៣០០ដុល្លារ។

រថយន្ត Kia Picanto ស៊េរីឆ្នាំ២០១៨ ដែលមានការរចនាផ្នែកខាងក្រៅ ក្រាស់រឹងមាំ និងកាប៊ីនទាន់សម័យ។ កាប៊ីនទូលាយ កាន់តែស្ងាត់ ដោយអាចផ្ទុកទន្ងន់ឥវ៉ាន់ ច្រើនជាងគេក្នុងចំណោមរថយន្តដូចគ្នា។ តួរថយន្តរឹងមាំជាងមុន និងកាន់តែមានសុវត្ថិភាព ការគ្រប់គ្រង កាន់តែប្រសើរ ដោយជំនួសពីប្រព័ន្ធវ៉ិចទ័របង្វិលថ្មី។ កម្លាំងរត់ ៦៧-ps ១,០លីត្រ ម៉ាស៊ីន MPI។ ប្រើប្រាស់ប្រេងរួម ៣,៩លីត្រ /១០០គីឡូម៉ែត្រ។

Picanto ជាម៉ូដែលមួយដែលលក់ដាច់បំផុតក្នុងចំណោមម៉ូដែលដទៃទៀតរបស់ Kia នៅជុំវិញពិភពលោក និងមានអ្នកគាំទ្រ ជាច្រើនៅអឺរ៉ុប និងប្រទេសកូរ៉េ។ ក្នុងជំនាន់បច្ចុប្បន្ន Kia Picanto ជាង ១,៤ លានគ្រឿង ត្រូវបានដាក់លក់នៅទូទាំងពិភពលោក ចាប់តាំងពីបានចេញ សម្ពោធក្នុងឆ្នាំ២០១៤។

លោក Graeme Newport អគ្គនាយករងក្រុមហ៊ុន HGB Group បានឲ្យដឹងថា រថយន្តម៉ាក Picanto ត្រូវបាននាំចូលទីផ្សារកម្ពុជាដំបូង នៅឆ្នាំ២០១៤ វាជាការផ្លាស់ប្តូររូបរាងថ្មីលើកទី៣ ហើយសម្រាប់រថយន្តម៉ាក Kia Picanto ដែលមានវត្តមាននៅក្នុងទីផ្សារកម្ពុជា។

លោក Graeme Newport បន្តថា ម៉ូដែលថ្មីនេះ បានផ្តល់ជូននូវថាមពល និងការប្រតិបត្តិការថ្មីមួយកម្រិតទៀត រួមទាំងបានណែនាំ ពីបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត និងសុវត្ថិភាពកាន់តែប្រសើរឡើង៕