(ពោធិ៍សាត់)៖ ព្រះវិហារដែលមានបណ្តោយ៥២x៣៩ម៉ែត្រ និងសមិទ្ធផលនានា ដែលមាននៅក្នុងវត្តមុនីសាគរ (ហៅវត្តរាំងទិល) ស្ថិតក្នុងភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលសាងសង់រួចជាស្ថាពរ ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី កាំង ហ្គិចណៃ ត្រូវបានប្រារព្ធពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់។

ពិធីនេះប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ ដោយបានការអញ្ជើញចូលរួមពី លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

លោក ផាយ ឡេង អភិបាលស្រុកកណ្ដៀង បានជម្រាបជូនថា វត្តមុនីសាគរ (ហៅរាំងទិល) ករកើតឡើងក្នុងឆ្នាំ១៨៩១ គិតមកដល់ពេលនេះមានអាយុកាល១២៦ឆ្នាំហើយ។ ពីមុនមានតែដីទួលពុំមានសំណង់អ្វីធំដុំនោះទេ ទើបតែនៅឆ្នាំ២០១០ លោកស្រី កាំង ហ្កិចណៃ និងក្រុមគ្រួសាររស់នៅទីក្រុភ្នំពេញ ដែលមានស្រុកកំណើតនៅឃុំរាំងទិលនេះ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានចាប់ផ្ដើមកសាងខឿនព្រះវិហារ ដែលមានបណ្តោយ៥២x៣៩ម៉ែត្រ និងចាក់ដីបំពេញបន្ថែម។ បន្ទាប់មកបានកសាងព្រះវិហារ កុដិថ្ម សាលាឆាន់ធ្វើអំពីឈើ និងរោងម៉ាស៊ីនភ្លើង  សរុបថវិកាជិត៥០ម៉ឺនដុល្លារ។ ដោយឡែកលោកស៊ុយ សែម និងលោកស្រី ជា ខេង បានជួយធ្វើទីបច្ឆាសម្រាប់បូជាសព ជីកស្រះ០២កន្លែង ជួយជុសជុលសាលាឆាន់ ផ្ដល់ទូកង០២គ្រឿង រោងដាក់ទូកង ផ្ដល់ម៉ាស៊ីនភ្លើង០២គ្រឿង អណ្ដូងស្នប់មួយ ជួយគ្រឿងចក្រ និងរថយន្ដដឹកដីចាក់បំពេញទួលព្រះវិហារ និងធ្វើផ្លូវលំដីសពីឃុំរាំងទិលទៅឃុំស្រែស្ដុកប្រវែង១៥០០មទៀត។

លោក ម៉ៅ ធនិន មានប្រសាសន៍ថា ពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា ដូចយើងមើលឃើញនឹងភ្នែកស្រាប់ហើយ គឺគ្រប់ហេដ្ឋារចនាសម្ព័ន្ធបានរីកដុះដាលតាំងពីក្រុងរហូតដល់ជនបទ ក្នុងនោះរាប់ទាំងវិស័យព្រះពុទ្ធសាសនាផងដែរ។ ជាក់ស្ដែងវត្តមុនីសាគរ (ហៅរាំងទិល) ដែលស្ថិតនៅកណ្ដាលព្រៃរនាម បឹងទន្លេសាបនេះ ជាងមួយសតវត្សហើយមិនដែលមានព្រះវិហារធ្វើអំពីថ្មស្កឹមស្កៃ និងទីបច្ឆាបូជាសពទេ ទើបតែពេលនេះជាប្រវត្តិសាស្ត្រហើយ។ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ដោយមើលឃើញពីការលំបាកជាក់ស្ដែង ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ រូបលោកក្នុងនាមអភិបាលខេត្តរួមជាមួយ លោក ខូយ សុខា និងលោក ស៊ុយ សែម បានជំនះស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើផ្លូវគ្រួសក្រហមតភ្ជាប់ពីឃុំរាំងទិល ទៅឃុំស្រែស្ដុក។

លោក ស៊ុយ សែម បានកោតសរសើរដល់ក្រុមគ្រួសារលោកស្រី កាំង ហ្កិចណៃ ដែលបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ មកចូលរួមកសាងព្រះវិហារដ៏ធំស្កឹមស្កៃ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នៅឃុំរាំងទិលនេះ។ កាយវិការដ៏ប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីទៅរស់នៅដល់ទីកន្លែងណា ក៏លោកស្រីមិនភ្លេចស្រុកកំណើតរបស់ខ្លួនដែរ ពិសេសបានចូលរួមអភិវឌ្ព្យន៍វិស័យពុទ្ធសាសនា ជាសាសនារបស់រដ្ឋផងដែរ។ សព្វថ្ងៃនេះប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ពោលគឺនៅមុនឆ្នាំ១៩៧៩ ទូទាំងប្រទេសមានវត្តតែជាង២០០០វត្តប៉ុណ្ណោះ ហើយត្រូវរលាយខ្ទេចខ្ទីក្នុងរបប ប៉ុល ពត។ មកដល់ពេលនេះមានវត្តដល់ទៅជាង៤០០០វត្តឯណោះ ហើយព្រះសង្ឃមានតែមួយអង្គរហូតមានជាង ៧ម៉ឺនអង្គហើយ។ ព្រះវិហារដ៏ស្រស់ស្អាត តាមរចនាបទខ្មែរបុរាណនេះ នឹងបានឧទ្ទឹសដល់វិញ្ញាណខ័ន្តរបស់លោកឪពុក អ្នកម្ដាយ លោកស្រី កាំង ហ្កិចណៃ ដែលត្រូវពួកប៉ុលពតសម្លាប់នៅទីនេះ និងបានតម្កល់ទុកជាគរុភ័ណ្ឌ សម្រាប់ប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនាតដល់មនុស្សជំនាន់ក្រោយៗទៀត។

ក្នុងឱកាសនោះ ក៏មានបំពាក់គ្រឿងឥស្សរិយយស ដល់សប្បុរសជនដែលបានចូលរួមកសាងវត្តផងដែរ។ ជាមួយគ្នានោះ លោក ស៊ុយ សែម បានឧបត្ថម្ភទិសទាំង៨ ក្នុងមួយទិស២០ម៉ឺនរៀល និងទិសកណ្ដាល៤០ម៉ឺនរៀល។ដោយឡែកលោកស្រី កាំង ហ្កិចណៃ បានជូនឃីតមួយកញ្ចប់ និងថវិកាម្នាក់មួយម៉ឺនរៀល ដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕