(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមេសានេះ បានថ្លែងប្រាប់អង្គភាព Fresh News ថា កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កំពុងតាមចាប់ស្ត្រីជាសកម្មជនបក្សប្រឆាំង ដែលបានប្រមាថរូបមេដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជា។
ជាមួយនឹងការប្រកាសនេះ ឧត្តមសេនីយ៍ សម សាមួន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបានឃើញស្ត្រី ដែលប្រមាថថ្នាក់ដឹកនាំខាងលើរូបនោះ សូមជួយឃាត់ខ្លួន ឬរាយការណ៍មកកាន់សមត្ថកិច្ចភ្លាមៗ ដើម្បីសមត្ថកិច្ចនាំខ្លួនស្ត្រីនោះ មកចាត់ការតាមនីតិវិធីនៃច្បាប់។
បើតាមលោកស្នងការ បន្ទាប់ពីតុលាការបង្គាប់ឲ្យស្ត្រី ជាសកម្មជនបក្សប្រឆាំង ចូលខ្លួនមកបំភ្លឺ នៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ស្ត្រីរូបនោះ បានគេចខ្លួនរហូតដោយមិនបាន ចូលមកខេត្តកំពង់ស្ពឺវិញទេ។
នៅថ្ងៃទី០៨ ខែមេសាកន្លងទៅនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា បានចេញដីកាកោះហៅ ស្ត្រីសកម្មជនគណបក្សប្រឆាំង ឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឲ្យចូលខ្លួនឆ្លើយបំភ្លឺ នៅចំពោះមុខមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឲ្យបានមុនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ពាក់ព័ន្ធនឹងបទប្រមាថ និងញុះញង់ឲ្យមានការរើសអើង។
សូមជម្រាបថា នាថ្មីៗនេះស្រ្តីខាងលើ បានយកស្បែកជើងរបស់ខ្លួន គប់លើរូបប្រមុខគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ហើយបង្ហោះសកម្មភាពប្រមាថនេះ ត្រូវបានគេចែកចាយនៅលើបណ្តាញសង្គម Facebook យ៉ាងព្រោងព្រាត និងនាំគ្នារិះគន់ចំពោះ សកម្មភាពអសីលធម៌បែបនេះ។
សកម្មភាពស្រ្តីខាងលើនេះ បានរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា នេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ហើយអំពាវនាវឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់៕