(បន្ទាយមានជ័យ)៖ លោក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារប៉ោយប៉ែត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចបានឲ្យដឹងថា គិតត្រឹមម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ដែលបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា មិនបានចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ រាជធានីភ្នំពេញនោះទេ
លោក ស៊ឹម សំអាត បានបញ្ជាក់បន្ថែមទៀតថា បើទោះបីចង់រត់គេចទៅដល់ណាក៏ដោយ ក៏ត្រូវតាមចាប់ខ្លួនមកដែរ ព្រោះទង្វើនេះមិនអាចទទួល យកបាននោះទេ។ ចំណែកជនរងគ្រោះលោក សេម មករា នឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់អំពីករណីបាញ់ប្រហារ មកលើរូបលោកផងដែរ។
មន្រ្តីនគរបាលអន្តោរប្រវេសន៍បាននិយាយថា ជនដៃដល់ ឈាន ពិសិដ្ឋ នេះ ទំនងបានរត់គេចខ្លួនបាត់ហើយ ហើយទូរស័ព្ទក៏ហៅមិនចូលផងដែរ។
សូមជំរាបថា មន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារប៉ោយប៉ែត បាននិយាយថា កាលពីវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ក្នុងបរិវេណប៉ុស្តិ៍អន្តោរប្រវេសន៍ នាយរងប៉ុស្តិ៍អន្តោរប្រវេសន៍លោក ឈាន ពិសិដ្ឋ បានបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា តែសំណាងល្អ មិនប៉ះពាល់ដល់អាយុជីវិត ។
មន្ត្រីអន្តោប្រវេសន៍បន្តថា អ្នកដៃដល់មានឈ្មោះ ឈាន ពិសិដ្ឋ បានប្រើប្រាស់អាវុធខ្លី ម៉ាកហ្វេអាកុល បានបាញ់ទៅលើលោក សេម មករា នាយផ្នែករដ្ឋបាល ចំស្មារខាងឆ្វេងបណ្តាលអោយដាច់រលាត់ ហើយគ្រាប់បន្តបន្ទាប់ មិនផ្ទុះត្រូវបា កម្លាំងនគរបាលអន្តោប្រវេសន៍ ជួយទាន់ពេលវេលា ហើយចាប់ដកកាំភ្លើងតែម្តង។ សមត្ថកិច្ចបន្តថា ភ្លាមនោះត្រូវបានកម្លាំងចាប់ឃាត់ខ្លួនលោក ឈាន ពិសិដ្ឋ ជាដៃដល់តែម្តង តែជនដៃដល់រត់គេចឡើងលើរថយន្តគេចខ្លួនបាត់។
លោក សេម មករា បានរៀបរាប់ឲ្យដឹងថា នៅព្រឹកកើតហេតុ គឺលោកបានទទួលបទបញ្ជាពីនាយប៉ុស្តិ៍ ឲ្យហៅបុគ្គល២រូបមកធ្វើការអប់រំ។ ពេលនោះឈ្មោះ ឈាន ពិសិដ្ឋ និងឈ្មោះ គឹម កែវរក្សា ជាមន្ត្រីបែបបទចូលក៏បានជិះរថយន្តមកដល់ហើយឈាន ពិសិដ្ឋ ក៏បានស្រែកជេរខ្លាំងៗ ទៅលើលោកតែម្តងដោយមិនបានដឹងពីមូលហេតុ អ្វីច្បាស់លាស់ឡើយ។ បន្ទាប់ពីលឺដូច្នេះលោកក៏បានចេញពីបន្ទប់មកសួរនាំហើយ ក៏ដើរចូលទៅក្នុងបន្ទប់វិញ ស្រាប់តែឈ្មោះ ឈាន ពិសិដ្ឋ ដកកាំភ្លើងបាញ់ទៅលើរូបលោកក្នុងចេតនាប៉ុនប៉ងសម្លាប់ តែសំណាងល្អគ្រាប់បានត្រឹមតែកេតស្មា រងរបួសតិចតួចប៉ុណ្ណោះ៕
ជនរងគ្រោះ សេម មករា
ជនដៃដល់ ឈាន ពិសិដ្ឋ