(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន ២៥០,០០០,០០០រៀល ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់យកទៅចែកបន្ត ដល់មន្រ្តីនគរបាលទូទាំងរាជធានីភ្នំពេញចំនួន ៥,០០០នាក់ ទាំងមន្រ្តីជាប់កិច្ចសន្យារបស់ការិយាល័យពន្លត់អគ្គិភ័យ និងការិយាល័យចរាចរណ៍ផងដែរ ដោយម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ថា ដោយមើលឃើញពីការខិតខំប្រឹងប្រែង របស់កម្លាំងនគរបាលទូទាំងរាជធានីជារើយៗ លើការទប់ស្កាត់បទល្មើសនានា ការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ប្រកបដោយភាពស្វិតស្វាញ និងមានប្រសិទ្ធភាពខ្ពស់ ដោយបានរុញច្រានបទល្មើស និងសកម្មភាពអវិជ្ជមានទាំងនោះ ឲ្យមានការថមថយជាលំដាប់ គួរឲ្យកត់សម្គាល់ នាពេលកន្លងមក នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានសម្រេចឧបត្ថម្ភថវិកាជូនដល់មន្រ្តីនគរបាល ដើម្បីជាការលើកទឹកចិត្តឲ្យកម្លាំងនគរបាលទាំងអស់ បង្កើនស្មារតីជំរុញការងារនានាបន្ថែមទៀត។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «បើទោះបីជាថវិកាទាំងនេះ មានចំនួនតិចតួចក៏ពិតមែន តែក៏ជាកម្លាំងលើកទឹកចិត្តដ៏ធំបំផុតមួយ ក្នុងចូលរួមចំណែកឧបត្ដម្ភដល់មន្រ្តីនគរបាលយើង សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ កម្លាំងនគរបាលយើងពេញចិត្តណាស់»។
នាយឧត្តមសេនីយ៍ស្នងការ រួមជាមួយកម្លាំងនគរបាលរាជធានីទាំងអស់ បានប្ដេជ្ញាចិត្តថា នឹងខិតខំបម្រើការងារ ការពារ និងរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កើនសកម្មភាពចុះបង្ក្រាបបទល្មើសនានា ក្នុងសង្គមបន្ថែមទៀត ដើម្បីធានាបាននូវសន្តិសុខ ភាពសុខសាន្ត ជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា៕