(ព្រះវិហារ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភដល់ដំណើរទស្សនកិច្ចសិក្សារបស់មន្ត្រីរាជការពុទ្ធសាសនបណ្ឌិត្យទៅខេត្តព្រះវិហារចំនួនពីរថ្ងៃ គឺ ថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០១៧ ដើម្បីស្វែងយល់នូវទីតាំងប្រវត្តិសាស្ត្រនានាប្រចាំខេត្តព្រះវិហារ។
ថ្ងៃទី១នៃដំណើរទស្សនកិច្ចសិក្សានេះ ប្រតិភូបានចុះសិក្សាស្វែងយល់នូវទីតាំងប្រវត្តិសាស្ត្រនានាប្រចាំខេត្តព្រះវិហារដូចជា ស្ថានីយ៍ស្លដែកភូមិរំចេក និងភូមិបឹង ក្នុងស្រុករវៀង ស្ថានីយ៍សន្លុងដូនណាង ក្នុងឃុំឆែប១ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹបដែលស្ថិតនៅ ក្នុងភូមិដងផ្លឹត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
បន្ទាប់ពីទស្សនាស្ថានីយស្លដែកទាំងនេះហើយ នៅថ្ងៃទី២ ប្រតិភូបានចូលអុជធូបនៅរូបសំណាកលោកតា ឌី ជាមេទ័ពខ្មែរដ៏ល្បាញល្បីនាសម័យកាលបុរាណ និងបន្តដំណើរទស្សនាប្រាសាទព្រះវិហារដែលបានចុះបញ្ជីនៅអង្គការយូណេស្កូ ដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ចុះពីប្រាសាទព្រះវិហារវិញ ប្រតិភូបានចូលទស្សនាសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារនិងចុងក្រោយបានចូលថ្វាយបង្គំក្នុងព្រះវិហារវត្តមរតកតេជោបុរីស្វរៈ។
ដំណើរទស្សនកិច្ចនេះជាកិច្ចការស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង ស្របតាមអនុសាសន៍របស់សម្ដេចដែលបានផ្ដល់ឱវាទកាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ចំនួនបួនចំណុចគឺ ១-អភិរក្ស, ២-អភិវឌ្ឍន៍, ៣-កសាងបណ្ដុះបណ្ដាលធនធានមនុស្ស និង៤-បង្កើតក្រុមការងារចុះស្រាវជ្រាវតាមវិស័យរបស់ខ្លួននៅមូលដ្ឋាន។
លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យតំណាងឲ្យមន្ត្រីរាជការទាំងអស់សូមថ្លែងអំណរអរគុណដល់លោក សួស យ៉ារ៉ា តំណាងរាស្ត្រ, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, ក្រុមការងារសម្របសម្រួលការធ្វើដំណើរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធនានាដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជួយរៀបចំដំណើរទស្សនកិច្ចនេះឲ្យទទួលបានជោគជ័យ។
ទស្សនកិច្ចសិក្សានេះ ឆ្លុះបញ្ចាំងឲ្យឃើញពីតម្លៃនៃសន្តិភាពដែលប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានតស៊ូ លះបង់ ស្វះស្វែង និងការពារឲ្យខាងតែបានសម្រាប់សេចក្ដីសុខនិងការអភិវឌ្ឍរបស់ប្រជាជននិងប្រទេសជាតិ និងស្នាដៃថ្មីៗទៀតមានហេដ្ឋារចនាសម្ព័ន្ធនានាដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក។
ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិដែលនឹងមកដល់នៅពេលខាងមុខនេះ បុគ្គលិកពុទ្ធសាសនបណ្ឌិត្យទាំងអស់សូមលើកដៃប្រណម្យបួងសួងទេវតាឆ្នាំថ្មី ឆ្នាំរកា ព្រះនាងកិមិរាទេវី សូមជួយតាមថែរក្សាសម្ដេចវិបុលសេនាភក្ដី ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងធម្មការនិងសាសនាគ្រប់ជាន់ថ្នាក់ រួមនឹងប្រជារាស្ត្រខ្មែរទាំងអស់ សួមទទួលបាននូវសេចក្ដីសុខរុងរឿងតរៀងទៅ។