(ភ្នំពេញ)៖ ស្របពេលដែលលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលទើបឡើងកាន់អំណាចគណបក្សជំនួសលោក សម រង្ស៊ី អតីតប្រធានគណបក្សដែលចុះចាញ់មុនការប្រកួត បាននឹងកំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី និងញ៉ូហ្សើឡែន ដើម្បីរៃអង្គាស៍ ប្រាក់ពីបងប្អូនខ្មែរក្រៅប្រទេសយកមកចំណាយសម្រាប់ការ ឃោសនាបោះឆ្នោតនាពេលខាងមុខនេះ, ស្របពេលនេះ ចៅចាក់ស្មុក ដែលអ្នកមានទស្សនៈភ្លឺនិយម បានបញ្ចេញនូវលិខិតមិត្តអ្នកអានមួយ តាមរយៈ Fresh News ទាំងកណ្តាលអាធ្រាតចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ជាមួយចំណងជើងថា «រដូវកាលបោះឆ្នោតជារដូវកាល មុខរបរកាក់កបសម្រាប់អ្នកនយោបាយ»។ ខ្លឹមសារទាំងស្រុងរបស់កវីនិពន្ធដ៏ល្បីមួយរូបឈ្មោះ ចៅចាក់ស្មុក បានទម្លាយការពិតដូចខាងក្រោម៖

ខណៈការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតមកដល់ បន្ទាយព្រះអាទិត្យកំពុងតែរត់ខ្វែងដៃ ខ្វែងជើងដើរប្រមូលថវិកាដើម្បីទ្រទ្រង់ការចំណាយ លើការឃោសនារបស់ខ្លួន។ បើតាម ម៉ៅ មុនីវណ្ណ បន្ទាយព្រះអាទិត្យគ្រោងនឹងចំណាយថវិកាយ៉ាងតិចចំនួន១,៧ លានដុល្លារសហរដ្ឋអាមេរិក ក្នុងការងារឃោសនាបោះឆ្នោតខាងមុខ ហើយការចំណាយនេះនឹងអាចបន្ថែមថវិកា ពីបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃបក្សរបស់ខ្លួន។ តើប្រភពថវិកាទាំងនេះបានមកពីណាខ្លះ? ថវិកាទាំងនេះបានមកពីការរៃអង្គាសពីសមាជិកសមាជិការបស់ខ្លួនទាំង នៅក្នុងស្រុក និងនៅក្រៅស្រុក ហើយរដូវកាលនេះ ក៏ជារដូវកាលនៃការសន្យាផងដែរ ដើម្បីទទួលបានការចូលរួមថវិកា។

ហេតុដូច្នេះហើយបានជាគេសង្កេតឃើញតំណាងរាស្ត្រ របស់បន្ទាយសង្គ្រោះជាតិ បានធ្វើដំណើរទៅបរទេស ដូចជា សហរដ្ឋអាមេរិក ប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលី ញូវហ្សីលែន កាណាដាជាដើមដើម្បីជួបសកម្មជនរបស់ខ្លួនបំណងរៃអង្គាសប្រាក់ មកចំណាយលើការឃោសនានេះ។

សូមបងប្អូនខ្មែរនៅក្រៅប្រទេសត្រៀមខ្លួនឱ្យហើយ និងត្រៀមថវិកាទុកចូលបុណ្យផ្កាសង្គ្រោះជាតិ និងចូលរួមពិធីជប់លៀងសង្គ្រោះជាតិដើម្បី ប្រមូលបច្ច័យ និងថវិកាដើម្បីចូលរួមគាំទ្របក្សក្នុងកសរឃោសនាបោះឆ្នោត។ រឿងក្នុងស្រុកគេបានដឹងហើយថា បេក្ខជនដែលត្រូវឈរឈ្មោះក្នុង ការប្រកួតប្រជែង ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខតម្រូវឱ្យបង់ប្រាក់ ១១០០ដុល្លារសម្រាប់បេក្ខជនឈរលេខ ១ ឈរលេខរៀងទី២ ជិតមួយពាន់ ដុល្លារ និងលេខរៀងបន្តបន្ទាប់រហូតដល់បេក្ខជនបម្រុងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ ក៏ត្រូវបង់ប្រាក់ដែរ។ ចុះនៅក្រៅស្រុកវិញ វាមានរឿងយ៉ាងម៉េចដែរ?

ទី១៖ ទាំងទណ្ឌិតសម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងទៀត បាននិយាយបំពក់កម្លាំងជាតិសាសន៍និយមដោយបំពុលថា ជនជាតិវៀតណាម រស់នៅពេញស្រុក បញ្ហាព្រំដែន ពុករលួយជាដើម ដើម្បីបញ្ឆេះកំហឹង ប្រជាជនទាក់ទាញការគាំទ្រថវិកាដើម្បីគណបក្ស សង្គ្រោះជាតិយកមកចំណាយ លើការឃោសនាបោះឆ្នោត។ បងប្អូនខ្មែរខ្លះដែលធ្លាប់បានឃើញស្រុកខ្មែរពេលសង្គ្រាមខ្មែរក្រហមនូវតែដក់ក្នុង អារម្មណ៍អំពីកម្ពុជា ក្នុងភាពអន់ថយ និងគ្មានការអភិវឌ្ឍតាមរូបភាពសារព័ត៌មានបរទេស បានជឿជាក់លើអ្វីដែលមេបក្សប្រឆាំង និងមន្ត្រីរបស់ខ្លួន បានភូតភរកុហក លាបពណ៌កម្ពុជាគ្រប់រូបភាពតម្រូវតាមមនោគមន៍វិជ្ជារបស់ខ្លួន ហើយក៏បរិច្ចាគថវិកាដែលខ្លួនសន្សំពីទឹកញើសរបស់ខ្លួន មកឱ្យគណបក្ស។

ទី២៖ មេបក្សប្រឆាំង និងមន្ត្រីគណបក្សនេះភូតកុហកប្រជាពលរដ្ឋខ្លះ ដែលចង់បានអំណាចឱ្យបង់ថវិការបស់ខ្លួនចំនួនណាមួយជាមួយការសន្យា ឱ្យតំណែងនេះ តំណែងនោះ។ ជាក់ស្តែងនៅសហរដ្ឋអាមេរិក មេបក្សប្រឆាំងបានសន្យាឱ្យតួនាទីជាអភិបាលខេត្ត ឬជាតំណាងរាស្ត្រដល់អ្នកមានលុយមួយចំនួន។ គ្រាន់តែក្នុងស្រុកមួយបក្សនេះបានសន្យាផ្តល់តំណែងជាអភិបាលស្រុកឱ្យមនុស្ស ៤ ទៅ៥នាក់ ខណៈតំណែងអភិបាល ស្រុកមានតែមួយកន្លែង។ ចំណែកអ្នកនៅបរទេស ខ្លះអ្នកលក់នំដូណាត់សោះ តែបែរជាឪពុកទទួលការសន្យាឱ្យឈរឈ្មោះជាតំណាងរាស្ត្រ ចំណែកឯកូនវិញនឹងទទួលបានតំណែងជាអភិបាលខេត្ត។ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក បានលើកឡើងថា បងប្អូនដែលចង់បានតំណែងនេះ ភាគច្រើនមិនសូវទទួលបានការអប់រំខ្ពស់ទេ ហើយអ្នកខ្លះជាង៣០ឆ្នាំហើយមិនដែលទៅប្រទេសកម្ពុជាម្តងផង និងអ្នកខ្លះទៀតអត់ការងារធ្វើទទួលទានប្រាក់សោធន៍និវត្តន៍ ឬប្រាក់អាហារកិច្ចពេលអត់ការងារធ្វើ។ បើបងប្អូនដែលមានជីវភាពធូរធារ មានការចេះដឹងខ្ពស់ គេមិនទៅក្បែរផង ហើយមេដឹកនាំបក្សប្រឆាំងផ្សេងទៀតក៏មិនអាចបោកគេបានដែរ។ ឥឡូវនេះ បងប្អូននៅក្រៅប្រទេស នឿយណាយ នឹងការរៃអង្គាសប្រាក់នេះ ហើយខ្លះគេដឹងរឿងពិត ហើយពិធីជួបជុំនីមួយៗ អ្នកចូលរួមធ្លាក់ជាងពាក់កណ្តាល។

ទី៣៖ បើដើរសន្យាគ្រប់កន្លែងយកប្រាក់ដូច្នេះ តើអ្នកតស៊ូនៅក្នុងស្រុកបានអ្វី? មន្ត្រីគណបក្សសង្គ្រោះជាតិ ថ្នាក់ឃុំ ថ្នាក់ស្រុក ខេត្តដែលហ៊ាន ចំណាយធនធានហិរញ្ញវត្ថុផ្ទាល់ខ្លួន លក់គោក្របី ដីធ្លីកេរដំណែលគ្រួសារគឺដើម្បី បានតំណែងជាអភិបាលស្រុក អភិបាលខេត្ត ឧទាហរណ៍ថា គណបក្សនេះឈ្នះឆ្នោត គ្រប់គ្រងប្រទេស។ ចុះបើដើរសន្យានៅក្រៅផង និងនៅក្នុងផង តើមានតំណែងឯណាឱ្យទៅ បើតំណែងអភិបាល ខេត្តរាជធានីមានតែ ២៥ហ្នឹង? ចឹងវាមិនរំបល់យ៉ហើយទេ? នេះមិននិយាយពីការឃោសនានៅចំពោះមុខសកម្មជនរបស់ខ្លួន សុទ្ធតែផ្តល់តំណែង ជាមន្ត្រីរាជការនៅក្នុងក្រសួងស្ថាប័នរដ្ឋ ដោយចាត់ទុកមន្ត្រីរាជការបច្ចុប្បន្នជាមនុស្សអសមត្ថភាព និងពុករលួយ។ តែដល់ពេលឃោសនាទៅលើមន្ត្រីរាជការ ថាខ្លួននឹងមិនដកមន្ត្រី រាជការឡើយទុកទាំងអស់។ នេះគឺជាការបង្ហាញពីការឃោសនាបោកប្រាស់យ៉ាងច្បាស់ក្រឡែត។

ទី៤៖ គិតមើលលុយដែលប្រមូលបានវិញម្តង តើយកទៅណាបើមានការបរិច្ចាគពីក្នុងប្រទេសផង ក្រៅប្រទេសផង? បរិច្ចាគចុះ បរិច្ចាគឡើង ទឹកលុយចេញជាចម្ការម្រេច ចម្ការល្ហុង ដីរាប់ហិកតា ឡានទំនើបៗរាប់គ្រឿងសម្រាប់មេដឹកនាំបក្សម្នាក់ៗ ហើយមន្ត្រីជាន់ខ្ពស់របស់ខ្លួន សម្បូរលុយចាយរហូតដល់ចិញ្ចឹមស្រីកំណាន់ ចុះបេសកកម្មទៅណាមកណាសុទ្ធតែមាននារីកំដរទៀត។ តើគួរឱ្យបងប្អូនគាំទ្រគណបក្សបន្តទៀតទេ? បើម្នាក់ៗយកនយោបាយធ្វើជាមុខរបរ យកផលប្រយោជន៍ជាមាសជាប្រាក់ និងជាស្រីកំដរសម្រាប់ខ្លួនដូច្នេះ? ដើរសន្យាគ្រប់សព្វបែបយ៉ាងគ្រាន់តែសន្យានរណាក៏ធ្វើបានដែរ តែការពិតធ្វើមិនបាន។

ចុះបើបក្សតម្រូវឱ្យបង់លុយយ៉ាងណានេះ? តើបេក្ខជនទាំងនោះបានលុយមកពីណា? ហើយដើម្បីបានលុយ ពេលកាន់តំណែង គេត្រូវធ្វើអ្វីដើម្បីបានលុយបង់ជូនបក្ស? ល្មមឈប់បោកប្រាស់ជាតិសាសន៍ឯងហើយ ហើយបងប្អូនប្រជាពលរដ្ឋគួរឈប់ចាញ់បោកអ្នកបោកប្រាស់អាជីពទៀតដែរ។ រដូវកាលបោះឆ្នោតជារដូវកាល មុខរបរកាក់កបសម្រាប់អ្នកនយោបាយក្នុងការស្វែងរកលុយកាក់លាភសក្ការៈសម្រាប់ក្រុមខ្លួន៕

ដោយ៖ ចៅ ចាក់ស្មុក