Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គេចមិនរួចពីច្បាប់! ប្លន់ទ្រព្យគេហើយ ខំរត់ទៅបួសអស់១៤ឆ្នាំ ចុងក្រោយនគរបាលតាមចាប់ ឲ្យដេកគុកដដែល នៅស្រុកត្បូងឃ្មុំ

09-04-2017 21:27

(ត្បូងឃ្មុំ)៖ ជនសង្ស័យម្នាក់ ប្រៀបបានដូចកុកភ្លេចជង់មួយក្បាល ក្រោយប្រព្រឹត្តអំពើប្លន់ទ្រព្យសម្បត្តិរបស់ពលរដ្ឋ រួចហើយ ខំរត់ទៅសាងផ្នួសអស់ពេល១៤ឆ្នាំ នៅខេត្តព្រះវិហារ ព្រោះខ្លាចដេកគុក ប្រហែលជាស្មានតែរួចខ្លួនហើយ តែទីបំផុតក្រោយពេលសឹកវិញហើយ បុរសខាងលើបានត្រឡប់មកលេងម្តាយវិញ ក៏ត្រូវកម្លាំងនគរបាលស្រុកត្បូងឃ្មុំ ចាប់ខ្លួនតែម្តង។

ជនសង្ស័យមានឈ្មោះ ឡាំ ឆន អាយុ៤០ឆ្នាំ នៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ជាប់ទោសពីបទ «សមគំនិតប្លន់ទ្រព្យសម្បត្តិប្រជារាស្រ្ត» ប្រព្រឹត្តនៅភូមិពោន ឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (កាលណោះ ខេត្តត្បូងឃ្មុំមិនទាល់ផ្ដាច់ពីខេត្តកំពង់ចាម)។

ការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ នៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ដែលកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជីគរ ក្រោមបញ្ជាផ្ទាល់ពីលោកស្នងការ អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ លោក ស៊ឹម គុជ ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឲ្យនាំខ្លួនជនខាងលើ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ រយៈពេល១៤ឆ្នាំ ខ្លួនបានគេចខ្លួនទៅបួសជាសង្ឃ នៅខេត្តព្រះវិហារ ហើយក៏បានសឹកវិញ និងត្រឡប់មកលេងម្តាយ ក៏ត្រូវនគរបាលចាប់តែម្តង។ បច្ចុប្បន្ន កម្លាំងនគរបាល កំពុងរៀបចំបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីកាត់ទោសតាមនីតិវិធី៕