(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ បានកោតសរសើរខ្ពស់ ចំពោះការងារចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ២,០៧៩នាក់ នៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ» រួមទាំងគ្រូពេទ្យ និងនិស្សិតពេទ្យស្ម័គ្រចិត្ត ជាង២៧០នាក់ទៀត។
សម្ដេច សាយ ឈុំ បានថ្លែងកោតសរសើរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានឆ្លៀតពេលយកថ្ងៃអាទិត្យ ជាថ្ងៃឈប់សម្រាក ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយស្មារតីគោរព ស្រលាញ់ និងបម្រើយ៉ាងដិតដល់។
ប្រមុខរដ្ឋស្ដីទីបានថ្លែងយ៉ាងដូច្នេះថា «យុវជនទាំងអស់ ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន កសាង អភិវឌ្ឍ និងការពារប្រទេសទៅអនាគត ជាអ្នកថែរក្សាប្រពៃណីដ៏ល្អផូរផង់ និងបន្តសកម្មភាពដ៏ថ្លៃថ្លានេះ ពោលគឺការពារប្រទេសឲ្យបានរឹងមាំ គង់វង្ស និងអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព និងនិរន្តរភាព ដែលជាសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា»។
សូមជម្រាបថា ការពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនោះ រួមមាន៖ ពិនិត្យព្យាបាលភ្នែកបាន ៦០៩នាក់, មាត់-ធ្មេញបាន ៦៧០នាក់, វះកាត់ខ្នាតតូចបាន ២៤នាក់, ជំងឺទូទៅ រោគស្រ្តី និងកុមារបាន ៧៤១នាក់, អេកូសាស្រ្តបាន ៣៥នាក់ និងបានផ្ដល់ឈើច្រត់១គូ ដល់ជនចាស់ជរាផងដែរ៕