(ភ្នំពេញ)៖ លោក សុខ​ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ បានលើកឡើងជាចម្ងល់ថា រហូតដល់ពេលនេះ មិនឃើញមានមន្រ្តីសិទ្ធិមនុស្សណា ប្រតិកម្មចំពោះ ការបង្រ្កាបរបស់សហរដ្ឋអាមេរិក ទៅលើបាតុករដែលតវ៉ាចំពោះការ បាញ់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសស៊ីរីនោះទេ។ លោកឆ្ងល់ថា តើការបង្រ្កាបហឹង្សាលើបាតុករ របស់អាមេរិកនេះគឺ មានន័យថាប្រជាធិបតេយ្យ ឬយ៉ាងណា?

លោក សុខ ឥសាន បានលើកឡើងថា៖ «ជាការប្រឆាំងនឹងវិធានការក្តៅរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រជាជនមួយចំនួន បានធ្វើបាតុកម្មប្រឆាំងតវ៉ា ចំពោះការបាញ់គ្រាប់ មីស៊ីរបស់អាមេរិកទៅលើប្រទេសស៊ីរី។ ប៉ូលីសអាមេរិកបានប្រើអំពើហឹង្សាបង្ក្រាបបាតុករយ៉ាងចាស់ដៃ។ ការបង្ក្រាបលើបាតុករនេះ មិនឃើញប្រតិកម្មពី ខាងអស់លោក សិទ្ធិមនុស្សទេ។ ការបង្រ្កាបហឹង្សាលើបាតុករ នេះគឺមានន័យថាប្រជាធិបតេយ្យ»។

សូមបញ្ជាក់ថា កម្លាំងប៉ូលីសជាច្រើននាក់របស់សហរដ្ឋអាមេរិក ដែលជាបិតាប្រជាធិបតេយ្យនោះ នៅថ្ងៃអាទិត្យនេះ បានវាយបង្ក្រាបយ៉ាងចាស់ដៃ ទៅលើប្រជាពលរដ្ឋ ស្លូតត្រង់របស់ខ្លួន ដែលនាំគ្នាឈរតវ៉ាប្រឆាំងនឹងការបាញ់មីស៊ីល ស្រោចទៅលើប្រទេសស៊ីរី បណ្តាលឲ្យស្លាប់មនុស្ស១៤នាក់ ដែលមានជនស៊ីវិលជាស្រ្តី និងកុមារ ចំនួន៩នាក់ផងដែរ។

ការតវ៉ាបានផ្ទុះឡើងនៅតាមបណ្តាទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក ដែលបាតុកររាប់ពាន់នាក់បានស្រែកទាមទារឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដកខ្លួនចេញពីសង្គ្រាម​ស៊ីរី បន្ទាប់ពីការបាញ់មីស៊ីលចំនួន ៥៩គ្រាប់ ទៅលើទឹកដីស៊ីរី ដើម្បីឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមី ដែលមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ថានរណាជាបង្ក ឲ្យប្រាកដច្បាស់នៅឡើយ៕ (វិដេអូខាងក្រោមបង្ហាញពី កម្លាំងសមត្ថកិច្ចរបស់អាមេរិកប្រើហឹង្សាលើបាតុករ)៖