(ភ្នំពេញ)៖ លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ពន្ធ័គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន១,៥០៨នាក់ នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលក្នុងកម្មវិធីនោះ ក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ ពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្ដាចុះជួយស្រុកជើងព្រៃផងដែរ។
លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សានូវសុខសន្ដិភាព និងការអភិវឌ្ឍរួមជាមួយ នឹងការខិតខំរកទទួលរបស់ប្រជាពលរដ្ឋយើង បងប្អូនមានកម្រិតជីវភាពរស់នៅកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះអ្វីដែលលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ត្រូវគិតគូរជាបន្ដបន្ទាប់ទៀតនោះ គឺបញ្ហាសុខភាព និងសុខុមាលភាពនេះឯង។
លោកស្រីបន្ដថា «ដើម្បីជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន លោកតែងតែបានគិតគូរយកចិត្ដទុកដាក់ជាទីបំផុត ដូនេះហើយទើប លោក និងរូបនាងខ្ញុំផ្ទាល់ បានសម្រេចបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជានេះឡើង ដើម្បីបង្ខិតសេវាសុខាភិបាល ឲ្យកាន់តែកៀកផ្ទះ លោកតា លោកយាយ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋយើង ព្យាបាលដោយគិតថ្លៃនេះ ដែលមានលោកគ្រូពេទ្យជំនាញៗជាតិ-អន្ដរជាតិ ពីប្រទេសល្បីៗ»។
ជាមួយគ្នានោះដែរ លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ចំពោះអជ្ញាធរខេត្ត ក៏ដូចជា សហភាពសហពន្ធ័យុវជនខេត្ត ដែលបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌នេះ និងអរគុណចំពោះសហភាពសហពន្ធ័យុវជនកម្ពុជា, ភ្នាក់ងារផ្សព្វផ្សាយ Kotra កូរ៉ែ រួមទាំងដៃគូសហការជាច្រើនទៀត ៕
គួររលឹកផងដែរថា ការចុះពិនិត្យព្យាបាលប្រជាពលរដ្ឋជិត២,០០០នាក់ នៅស្រុកជើងព្រៃមានជំងឺ ដូចជា៖ ជំងឺទូទៅ,ជំងឺបេះដូង សរសៃឈាម, ជំងឺមនុស្សចាស់, ជំងឺត្រចៀក ច្រមុះ បំពង់ក,ជំងឺភ្នែក, ជំងឺសើស្បែក និងកាមរោគ, ជំងឺផ្លូវចិត្ត, ជំងឺកុមារ, ជំងឺវះកាត់ និងរោគសន្លាក់, ជំងឹមាត់-ធ្មេញ, ពិនិត្យអេកូសាស្ត្រ, រោគស្ត្រី និងពិនិត្យផ្ទៃពោះ, អប់រំសុខភាពសាធារណៈ, ជំងឺតម្រង់នោម, ពិនិត្យបឋម និងវាស់សំពាធឈាម។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក ព្រោះបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕