(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងថា អ្វីៗដែលកម្ពុជាមានសព្វថ្ងៃនេះ គឺបានមកដោយសារសន្តិភាព ដែលកម្ពុជារក្សាបាន សិទ្ធិសេរីភាពដែលកម្ពុជាមាន។ ដូច្នេះលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈដែលលោក តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម ក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា នៅវត្តសូរិយាវង្សជ្រុងស្រឡៅ ស្ថិតនៅឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺដោយសារសុខសន្តិភាពដែលយើងរក្សាបាន សិទ្ធិសេរីភាព ដែលយើងមាន យើងមាន ប្រមុខរាជរដ្ឋាភិបាល ដែលបានបង្រួបបង្រួមជាតិ ដឹកនាំប្រទេសមានការអភិវឌ្ឍនិងមានការចូលរួមមេដឹកនាំត្រឹមត្រូវនិងចូលរួមអភិវឌ្ឍប្រទេស ព្រោះការអភិវឌ្ឍនេះ គ្មានចង់បានអ្វីក្រៅពីចង់ឃើញប្រជាពលរដ្ឋ មានជីវភាពមានបាន»។
លោកបានបន្ថែមថា កាលពីអតីតកាលប្រទេសកម្ពុជា ស្ថិតនៅក្នុងសង្គ្រាម ទាំងព្រះសង្ឃទាំងប្រជាពលរដ្ឋគ្មានសិទ្ធិសេរីភាព គោរពប្រតិបត្តិសាសនាអ្វីទាំងអស់ ប៉ុន្តែនាពេលបច្ចុប្បន្នព្រះសង្ឃ និងប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ឱកាសគោរពប្រតិបត្តិសាសនាផ្សេងៗ មានឱកាសទទួលបានការអប់រំ ការកសាងអំពើល្អ ថែរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិ។
លោកបានបន្ថែមទៀតថា ការដែលយើងបានកសាងសមិទ្ធផលទាំងនេះ គឺកើតមកពីទឹកចិត្តចូលរួមពីប្រជាពលរដ្ឋ សប្បុរសជន ជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេស និងដើម្បីប្រជាជនរស់នៅក្នុងសន្តិភាព សេរីភាពសីលធម៌ គុណធម៌ គោរប្រតិបត្តិនៅក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ។ រាជរដ្ឋាភិបាលបានខិតខំធ្វើច្រើន ហើយប្រជាពលរដ្ឋ មានចិត្តចូលរួមធ្វើទោះបានតិចបានច្រើន ល្អជាជាងអ្នកមិនដែលធ្វើអ្វីសោះចាំតែរិះគុណ។ ការដឹកនាំរបស់របស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំរបស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បានខិតខំបម្រើប្រជាពលរដ្ឋរស់នៅក្នុងសន្តិភាព និងជីវភាពធូធារ។ដូច្នេះយើងគួរផ្តល់តម្លៃនិងលទ្ធផល ដល់អ្នកដែលខិតខំធ្វើដើម្បីប្រជាពលរដ្ឋ។
ទន្ទឹមនឹងការលើកឡើងខាងលើនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានជ្រើសរើស គាំទ្រ និងជឿទុកចិត្តការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ លើកស្ទួយកម្រិតជីវភាពមន្រ្តីរាជការ ហើយយើងទាំងអស់គ្នា មានសេរីភាព រស់នៅក្នុងសុខសន្តិភាព ព្រោះថាការជ្រើសរើស អ្នកដឹកនាំប្រទេសមិនដូចការចាក់ឆ្នោតនោះទេ ផ្សងសំណាងនោះទេ៕