(កំពង់ចាម)៖ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបុណ្យឆ្លង និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវនារាម ស្ថិតក្នុងឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ឈាង វុន តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទំាងអស់ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពសង្គម ដើម្បីទទួលបានការរីកចម្រើន វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម ជាមួយរាជរដ្ឋាភិបាលបន្តទៀត។
លោក ឈាង វុន ប្រធានគណៈម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា អមដំណើរដោយ លោក កែវ ម៉ាលី សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យឆ្លង និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តអម្ពវនារាម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។ វត្តអម្ពវនារាម ជាវត្តចំណាស់មួយ ដែលពីដើម មានឈ្មោះថាវត្តចាស់ បានសាងសង់លើផ្ទៃដី៩ហិចតា មិនខុសពីវត្តអារាមនានា នៅទូទំាងប្រទេសទេ វត្តនេះត្រូវបានបំផ្លាញស្ទើរគ្មានសល់ដោយរបបខ្មែរក្រហម។
លោក ឈាង វុន បានលើកឡើងថា វត្តអារាមមានតួនាទី មិនត្រឹមតែជាកន្លែងគោរពបូជានោះទេ វត្តអារាមគឺជាកន្លែងអប់រំផ្លូវកាយ ផ្លូវចិត្ត ប្រជាពលរដ្ឋឲ្យមានការរួមរស់ជាមួយគ្នា ដោយសុខសាន្ត និងថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ លោកបានគូសបញ្ជាក់ថា ព្រះពុទ្ធសាសានាជាសាសនារបស់រដ្ឋ ហើយកម្ពុជាបានបើកចំហរ ដល់ការ គោរពប្រតិបត្តិសាសនាដទៃ ដោយសេរីតាមជំនឿ របស់ពលរដ្ឋ។ វត្តអារាម ដែលបម្រើដល់ វិស័យព្រះពុទ្ធសាសនា បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពុទ្ធបរិស័ទ ចូលរួមចំណែកធ្វើបុណ្យកុសល ជាមួយរាជរដ្ឋាភិបាល ដូចជាការចូលរួម កសាងហេដ្ឋារចនាសម្ព័នន្ធនានា បម្រើដល់ការរស់នៅ របស់ពលរដ្ឋឲ្យបានប្រសើរឡើង។
លោក ឈាង វុន បានគូសបញ្ជាក់ថា រដ្ឋសភា និងរាជរដ្ឋាភិបាល បានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការពង្រឹង អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា។
នៅក្នុងឱកាសនោះ លោក ឈាង វុន ក៏បាននាំយកទេយ្យទាន និងបច្ច័យសរុប ចំនួន៣៤លានរៀល ប្រគេនដល់ព្រះសង្ឃ ដើម្បីចាត់ចែងនៅក្នុងកម្មវិធីបុណ្យ សម្ពោធសមិទ្ធផលនេះផងដែរ៕