(ព្រះវិហារ)៖ អ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋកន្លងមក ខណៈពេលនេះបានក្លាយជាការអនុវត្តន៍ជាក់ស្តែង ក្រោមការអបអរសារទរ សប្បាយរីករាយ របស់ប្រជាពលរដ្ឋ៣ភូមិ នៅឃុំរមទម្យ ស្រុករវៀង គឺផ្លូវលំមួយខ្សែរប្រវែង១៣គីឡូម៉ែត្រ និងប្រឡាយទឹក១ខ្សែរ ត្រូវបានជួសជុលនិងស្តារឡើងវិញ សំរាប់បំរើផលប្រយោជន៍ប្រជាពលរដ្ឋ។
ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពជួសជុលផ្លូវ និងស្តារប្រឡាយទឹកឡើងវិញខាងលើនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលបានដឹកនាំក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករវៀង បានថ្លែងឲ្យដឹងថា «ការជួសជុលផ្លូវប្រវែង១៣គីឡូម៉ែត្រ និងស្តារប្រឡាយទឹកនេះ គឺជាអំណោយរបស់ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ផ្តល់ជូនប្រជាពលរដ្ឋ៣ភូមិ នៅស្រុករវៀងនេះ»។
លោក អ៊ុន ចាន់ដា បានជម្រាបជូនប្រជាពលរដ្ឋឲ្យដឹងថា «គណបក្សប្រជាជនកម្ពុជា បើសន្យាហើយគឺត្រូវធ្វើឲ្យបាន មិនមែនសន្យាខ្យល់ដូចគណបក្សខ្លះនោះទេ»។
លោកបានរំលឹកថា ការជួសជុលផ្លូវប្រវែង១៣គីឡូម៉ែត្រ និងប្រឡាយទឹកមួយខ្សែរនៅថ្ងៃនេះ គឺបន្ទាប់ពីលោកបានសន្យា ជាមួយប្រជាពលរដ្ឋកាលពីជាង១ខែមុន ក្នុងឱកាសដែលលោកចុះមកប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ដល់ជូនគ្រួសារក្រីក្រមួយ នៅស្រុករវៀង ឥឡូវការសន្យារបស់លោកក្លាយ ជាការអនុវត្តន៍ជាក់ស្តែងយ៉ាងពិតប្រាកដ មិនបានសន្យាចោលនោះទេ។
ទន្ទឹមនឹងទទួលបានការជួសជុលផ្លូវ និងស្តារប្រឡាយទឹកឡើងវិញនេះ លោកក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ យើងត្រូវចូលរួមថែរក្សាផ្លូវ និងប្រឡាយទឹកនេះ ដើម្បីប្រយោជន៍ ឲ្យការប្រើប្រាស់បានយូរអង្វែងផងដែរ៕