(ភ្នំពេញ)៖ សមាគមគ្រូពេទ្យសើរស្បែកកម្ពុជា បានបើកកិច្ចប្រជុំ ជាមួយក្រុមគ្រូពេទ្យជំនាញ មកពីក្រៅប្រទេស ដើម្បីបង្កើនគុណភាពនិងប្រសិទ្ធិភាព ក្នុងការព្យាបាលជម្ងឺសើស្បែក ជូនដល់ប្រជាពលរដ្ឋ នៅកម្ពុជា ។
លោកចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើរស្បែកកម្ពុជា និងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា នេះជាលើកទី៣ហើយ ដែលសមាគមគ្រូពេទ្យសើរស្បែកកម្ពុជា និងក្រុមគ្រូពេទ្យជំនាញ មកពីក្រៅប្រទេស បានបើកកិច្ចប្រជុំពង្រឹងសមត្ថភាពរបស់ខ្លួន ដែលប្រារព្ធធ្វើនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ ។
លោកវេជ្ជបណ្ឌិតបន្ដថា ជម្ងឺសើស្បែកដែលលោកបានជួបប្រទះ ជាច្រើនហើយលើកយកមកបង្ហាញ និងផ្លាស់ប្ដូរបទពិសោធន៍ក្នានោះមាន ដូចជា ៖ ជម្ងឺតាអក ជម្ងឺតាអកនេះ ជាជម្ងឺមួយដែលកើតឡើងដោយសារការបះ ហើយរោល ឬហៅថា ( អាឡែកស៊ី ) ក្រៅពីនេះមានជម្ងឺ ផ្សឹតសើស្បែក ជម្ងឺដែលបណ្ដាលមកពីបាក់តេរីសើស្បែក មានដូចជារើម ជម្ងឺពងបែកជាដើម ជម្ងឺមុខកើតមុន ជម្ងឺជាំមុខ ជម្ងឺឃ្លង់ល្ពៅ និងជម្ងឺកន្ទាលត្រអាក។
លោកវេជ្ជបណ្ឌិតបន្ថែមថា «ជាទូទៅជំងឺសើរស្បែក មិនបណ្ដាលឲ្យុប៉ះពាល់ ដល់ជីវិតនោះទេ ប៉ុន្តែបើជំងឺនេះ ទៅប៉ពាល់ដល់សរីរាង្គផ្សេងៗទៀត ដូចជាបេះដូង សួត ថ្លើមជាដើម នោះ វានឹងធ្វើឲ្យប៉ះពាល់ជីវិតដែរ ពិសេសជំងឺមហារីកស្បែកតែម្ដង ប៉ុន្តែជំងឺនេះ មិនមានច្រើននោះទេ នៅកម្ពុជាដូច្នេះខ្ញុំក៏សូមអំពាវនាវ ទៅដល់ពលរដ្ឋទូទៅថា ទោះបីជំងឺប្រភេទសើស្បែកបែបណា ក៏ដោយ សូមកុំទុកយូរ រហួតទៅដល់ការរាលដាលធ្ងន់ធ្ងរឲ្យសោះ ពោលពេលដឹងថា សុខភាពមិនស្រួល ឬអាការៈស្បែក មានសភាពកន្ទួលខុសប្លែក គួរសង្ស័យ ត្រូវប្រញាប់ទៅរកគ្រូពេទ្យព្យាបាល ឲ្យបានទាន់ពេលវេលា ដើម្បីគ្រូពេទ្យពិនិត្យនិងព្យាបាលឆាប់ជាសះស្បើយ»។
គួររំលឹកថាកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃសមាគមគ្រូពេទ្យសើរស្បែកកម្ពុជា បានប្រារព្ធធ្វើឡើងសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ហើយលើកទីមួយ រៀបចំនៅទីក្រុងភ្នំពេញឆ្នាំ២០១២, លើកទី២ នៅសៀមរាប ឆ្នាំ២០១៥ ដើម្បីអញ្ជើញគ្រូពេទ្យ ដែលមានវិជ្ជាជីវៈដូចគ្នា ដែលជាសមាជិកសមាគមចូលរួម ដើម្បីសហការគ្នា និងចែករំលែកបទពិសោធអ្វីដែលគាត់មានកន្លងមក ហើយបានទទួលនៅចំណេះ ពីវេជ្ជបណ្ឌិតជំនាញៗ មកពីបណ្តាប្រទេសដូចជា ហ្វីលីពីន វៀតណាម ថៃ ម៉ាលេស៊ី ផងដែរ ៕