(កំពង់ស្ពឺ)៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលជាច្រើននាក់ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួម ក្នុងពិធីសម្ភោធដាកឲ្យដំណើរការ សាលា អាយឃ្យូ បៀលអាខាឌឺមី (IQ BULID ACADEMY) ជាសាលាសម្រាប់ បណ្តុះបណ្តាលដល់កុមារផ្នែក ខួរក្បាល បញ្ញា និងកាយសម្បទា។
លោក សរ ពុត្រា បានលើកឡើងក្នុងពេលនោះថា នេះជាការរួមចំណែកមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអប់រំ ក្នុងនោះក៏ជាការបំប៉នដល់កុមារកម្ពុជា ចាប់តាំងពីថ្នាក់មតេ្តយ្យនេះ ទៅដើម្បីឲ្យខួរក្បាល បញ្ញា ស្មារតីបានប្រសើរ។
លោកបានបន្តទៀតថា «អាជ្ញាធរចង់បានការពង្រីកចំនួនសាលាមត្តេយ្យសិក្សា នៅតាមសហគមន៍ និងថ្នាក់មត្តេយ្យនៅក្នុងវិស័យឯកជន ឬតាមខ្នងផ្ទះថែមទៀត ដោយសាលា IQ BULID ACADEMY ដែលកំពង់បោះជំហាន លើកស្ទួយក្នុងវិស័យអប់រំ របស់យើងនេះ គឺជាវិស័យអប់រំក្រៅប្រព័ន្ធមួយផ្នែកដ៏សំខាន់ក្នុងកិច្ចការពង្រឹងវិស័យធនធានមនុស្ស និងបង្កើនសមត្ថភាពរបស់កុមារ សម្រាប់ការប្រើប្រាស់ខួរក្បាល របស់គេឲ្យកាន់តែប្រសើរឡើង»។
តាមកម្មវិធីសិក្សារបស់អាយ ឃ្យូ បៀលអាខាឌឺមី (IQ BULID ACADEMY) ដែលទើបបើកនាថ្ងៃនេះ មានកម្មវិធីសិក្សា UCMAS ជាកម្មវិធីបង្រៀនកុមារមានអាយុ ៤ឆ្នាំទៅ១២ឆ្នាំដើម្បីឲ្យមានភាពវៃឆ្លាត ធ្វើឲ្យពួកគេមានលទ្ធភាពក្នុងការប្រើប្រាស់ខួរក្បាល ទាំងសងទាំងឆ្វេង និងស្តាំហើយកម្មវិធីនេះ ធ្វើឲ្យក្មេងៗស្ទាត់ជំនាញ ការគណនាលេខបានឆាប់រហ័ស និងសុក្រិត មានអារម្មណ៍ឆាប់ចាប់បានមេរៀន ពូកែឆ្នៃប្រឌិត អង្កេត វិភាគបានលឿន ការចងចាំភាសា រួមទាំងវាក្យសព្ទ័បានត្រឹមត្រូវនិងចំគោលដៅ៕