(ភ្នំពេញ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា កាលពីម្សិលមិញនេះ បានចេញដីកាកោះហៅ សកម្មជនគណបក្សប្រឆាំងម្នាក់ ឲ្យចូលខ្លួនឆ្លើយបំភ្លឺ នៅចំពោះមុខមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឲ្យបានមុនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ពាក់ព័ន្ធនឹងបទប្រមាថ និងញុះញង់ឲ្យមានការរើសអើង។

ស្រ្តីសកម្មជនបក្សប្រឆាំង ដែលតុលាការកោះហៅនោះមានឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នាថ្មីៗនេះស្រ្តីខាងលើ បានយកស្បែកជើងរបស់ខ្លួន គប់លើរូបប្រមុខគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ហើយបង្ហោះសកម្មភាពប្រមាថនេះ ត្រូវបានគេចែកចាយនៅលើបណ្តាញសង្គម Facebook យ៉ាងព្រោងព្រាត និងនាំគ្នារិះគន់ចំពោះ សកម្មភាពអសីលធម៌បែបនេះ។

សកម្មភាពស្រ្តីខាងលើនេះ បានរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា នេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ហើយអំពាវនាវឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់។

បើតាមដីការកោះរបស់ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ, ការចេញដីកាកោះនេះ គឺធ្វើឡើងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងសកម្មភាពស្រ្តីខាងលើនេះ៕