(ក្រចេះ)៖​ កម្លាំងសមត្ថកិច្ចចំរុះស្រុកសំបូរ ខេត្តក្រចេះ បានចុះទៅបង្ក្រាបការកាប់រានព្រៃយកដីសហគមន៍ ធ្វើជាសកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ដោយក្នុងនោះកម្លាំងបានឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងដកហូតបានរថយន្ត ចំនួន២គ្រឿង។ នេះបើយោង តាមលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បញ្ជាការអាវុធហត្ថខេត្តក្រចេះ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧នេះ។

ការចុះបង្ក្រាបការកាប់រានព្រៃ យកដីសហគមន៍ខាងលើនេះ ដឹកនាំកម្លាំងដោយលោក ឥម ធារិន អភិបាលរងស្រុកសំបូរ និងកម្លាំងចម្រុះជាច្រើននាក់ទៀត ស្ថិតនៅចំណុច UTM 617116-1404615 នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បានបញ្ជាក់ថា ចំពោះរថយន្តចំនួន២គ្រឿងដែលដកហូតបាននោះ កម្លាំងសមត្ថកិច្ច បានយកទៅរក្សាទុកនៅឯសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ និងជនសង្ស័យទាំង២នាក់ទៀត បានធ្វើការអប់រំណែនាំរួចហើយ ក៏បានឲ្យវិលត្រឡប់ទៅលំនៅឋានវិញ៕