(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលមានប័ណ្ណបុរីរុងរឿងចំនួន១១៥គ្រួសារ និងប្រជាពលរដ្ឋមកពីសហគមន៍ដីមាសចំនួន១៣៧គ្រួសារ ដែលបានស្ម័គ្រចិត្តចូលមក រស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ ទទួលបានអំណោយពីអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដោយចំណាយអស់ថវិកាសរុបជាង៦២លានរៀល។
ពិធីប្រគល់អំណោយខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ និងមានការចូលរួមពី លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ដែលបានរៀបចំឡើងនៅក្នុងបុរីរុងរឿង នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ។
តំណាងក្រុមហ៊ុនបាននិយាយថា កន្លងមកក្រុមហ៊ុនបានធ្វើការចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៏ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន១៤លើក រួចមកហើយ ហើយនេះក៏ជាលើកទី១៥ផងដែរ។
សូមជម្រាបថា កាលចែកអំណោយ១៤លើកកន្លងមក អំណោយសប្បុរសធម៌របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ជូនប្រជាពលរដ្ឋដែល មានប័ណ្ណបុរីរុងរឿងដោយចំណាយអស់ថវិកាចំនួន ២៥១,២០៧,៨០០ លានរៀល។ បើគិតពីការចំណាយតាំងពីលើកទី១ ដល់លើកទី១៥នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានចំណាយអស់ទឹកប្រាក់សរុបជិត៣១៣លានរៀលហើយ។
ប្រជាពលរដ្ឋដែលមកទទួលអំណោយនៅពេលនេះ កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗ ធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ មិនតែប៉ុណ្ណោះពួកគាត់រស់នៅជួបការលំបាកយ៉ាងខ្លាំងដូចជា៖ គ្មានទឹកស្អាតប្រើប្រាស់ គ្មានភ្លើងអគ្គីសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អ ងាយរងគ្រោះជាដើម ។ល។ ប៉ុន្តែក្រោយពីតំបន់ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិឱ្យក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ឱ្យទៅជាទីក្រុងរណបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញឃើញថាតំបន់នេះ ត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕