(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ស្រេង ជា បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧នេះថា គ្រោះអគ្គិភ័យដែលបានឆាបឆេះឃ្លាំងអេតចាយ នៅតំបន់អ្នកលឿងកាលពីយប់មិញនេះ ទំហំនៃការខូចខាតទាំងផ្ទះកើតហេតុ បូករួមទំាំងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះជិត១០ម៉ឺនដុល្លារ។
បើតាមលោកស្នងការ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅ១០៖១៥នាទីត្រង់ចំណុចភូមិ២ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង ពោលនៅតំបន់អ្នកលឿង បណ្តាលឲ្យឆេះខូចខាតផ្ទះ និងសម្ភារចំនួន១១ខ្នងផ្ទះ ដែលមូលហេតុនោះ គឺមកពីឆ្លងចរន្តអគ្គិសនី។
លោកឧត្តមសេនីយ៍ទោ ស្រេង ជា បានបញ្ជាក់ថា «សម្រាប់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនេះយើង បានប្រើរថយន្តចំនួន៧គ្រឿង និងបានប្រើទឹកអស់ចំនួន៩១រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គិភ័យខេត្តចំនួន២គ្រឿង បាញ់ទឺកអស់ចំនួន១៣រថយន្ត, រថយន្តពន្លត់អគ្គិភ័យ ស្រុកកំពង់ត្របែកចំនួន១គ្រឿង បាញ់ទឺកអស់ចំនួន១៦រថយន្ត, រថយន្តស្រុកកំចាយមាន ចំនួន១គ្រឿង បាញ់ទឺកអស់ចំនួន៧រថយន្ត, រថយន្តពន្លត់អគ្គិភ័យស្រុកពាមរក៏ចំនួន១គ្រឿង បាញ់ទឺកអស់ចំនួន២៣រថយន្ត និងរថយន្តស្រុកពន្លត់អគ្គិភ័យ ស្រុកស្វាយអន្ទរចំនួន១គ្រឿង បាញ់ទឺកចំនួន១១រថយន្ត»។
លោកស្នងការបានបន្តថា ផ្ទះប្រជាពលរដ្ឋទាំង១១ខ្នងដែលរងការខូចខាតដោយសារគ្រោះអគ្គិភ័យនេះរួមមាន៖
១-ឈ្មោះ កែវ ឡន ភេទប្រុស អាយុ៥៤ឆ្នាំខូចខាត90%(ផ្ទះបង្ក)
២-ឈ្មោះ មាស ណារិន ភេទស្រី អាយុ៥៤ឆ្នាំ ខូចខាត80% ផ្ទះរងគ្រោះ
៣-ឈ្មោះ ផាត់ យ៉ុន ភេទស្រី អាយុ៦៣ឆ្នាំ ខូចខាត80% ផ្ទះរងគ្រោះ
៤-ឈ្មោះ អ៊ឹម ហាន ភេទស្រី អាយុ៦៤ឆ្នាំ ខូចខាត20% ផ្ទះរងគ្រោះ
៥-ឈ្មោះ អេង សំអាង ភេទប្រុស អាយុ៥៦ឆ្នាំ ខូចខាត20% ផ្ទះរងគ្រោះ
៦-ឈ្មោះ ផាន់ ដារិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ ខូចខាត20% ផ្ទះរងគ្រោះ
៧-ឈ្មោះ សុខ ខេង ភេទស្រី អាយុ៦៧ឆ្នាំ ខូចខាត20% ផ្ទះរងគ្រោះ
៨-ឈ្មោះ ហុង ឆេងអ៊ាង ភេទស្រី អាយុ៧៨ឆ្នាំ ខូចខាត10% ផ្ទះរងគ្រោះ
៩-ឈ្មោះ ឡុង ជឿន ភេទប្រុស អាយុ៤៥ឆ្នាំ ខូចខាត20% ផ្ទះរងគ្រោះ
១០-ឈ្មោះ អ៊ុក អ៊ុល ភេទប្រុស អាយុ៦៨ឆ្នាំ ខូចខាត10% ផ្ទះរងគ្រោះ
១១-ឈ្មោះ អ៊ុក រ៉ានី ភេទស្រី អាយុ៤៩ឆ្នាំ ខូចខាត10% ផ្ទះរងគ្រោះ។
សម្រាប់ប្រតិបត្តិការបាញ់ពន្លត់គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានជួយរហូតដល់ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីបាញ់ពន្លត់ឲ្យអស់នូវរងើកភ្លើងដែលនៅសេសសល់។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្តាលឲ្យរងគ្រោះដល់ ប្រជាពលរដ្ឋណាម្នាក់នោះទេ។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ស្នងការខេត្តព្រៃវែង ស្រេង ជា៕