(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា និងប្រធានក្រុមប្រឹក្សាខណ្ឌ លោក ម៉ៃ ម៉ុន នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ រួមជាមួយ គណៈគ្រប់គ្រងមជ្ឈមណ្ឌលជើងឯក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ ក្នុងសង្កាត់ទាំង១៣ ប្រមាណ៥០០នាក់ បានធ្វើពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក។
ក្នុងឱកាសនោះ លោកអភិបាល បានរំលឹកអំពីការបាត់បង់ជីវិត របស់ប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់រាប់លាននាក់ ពិសេសគឺនៅទីនេះផ្ទាល់ដែល ដែលបនប្រល័យពូជសាសន៍ ប៉ុល ពត បានយកប្រជាជន ពីមន្ទីរស២១ (ទួលស្លែង) ដែលជាប់ឃុំឃាំងទាំងពុំមានកំហុស ដោយចោទថា ជាខ្មាំង មកសម្លាប់ ក្នុងរយៈពេលនៃការកាន់អំណាច ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
លោក នុត ពុធដារ៉ា បញ្ជាក់ថា ការធ្វើពិធីបង្សុកូល រាប់បាត្រនៅថ្ងៃនេះ គឺឧទ្ទិសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបាត់បង់ជីវិតក្នុងរបប ប៉ុល ពត ដោយខ្លះបានបាត់បងជីវិត ទៅទាំងគ្រួសារដោយពុំមានអ្នកណាបានបង្សុកូលឧទ្ទិសកុសលជូនឡើយ ហើយថ្ងៃនេះ សាលាខណ្ឌដង្កោ រួមមានគណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសហការជាមួយ មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក រៀបចំពិធីបង្សុកូល និងរាប់បាត្រ ព្រះសង្ឃចំនួន២៦អង្គ ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនជនរងគ្រោះដែលបានបាត់បង់ជីវិត ហើយជារៀងរាល់ឆ្នាំ សាលាខណ្ឌដង្កោ តែងបានប្រារព្ធនេះ នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រៀងរាល់ឆ្នាំមិនដែលខកខានឡើយ៕