(បន្ទាយមានជ័យ)៖ ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ មាតា បិតា អាណាព្យាបាលទាំងអស់ ត្រូវតែចូលរួមក្នុងចលនា ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយត្រូវអប់រំ កូនចៅ បន្សាបគ្រឿងញៀន នៅតាមផ្ទះផ្ទាល់ខ្លួនទើបមានប្រសិទ្ធភាព ជាជាងបញ្ជូនកូនចៅទៅមណ្ឌលកែប្រែ ដែលសកម្មភាពទាំងនេះ គឺដើម្បីប្រទេសជាតិរបស់យើង។
ថ្លែងអំពាវនាវយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុង ពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា២,១៧១នាក់ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅបរិវេណប្រាសាទបន្ទាយឆ្មារ។
ជាមួយនឹងការអំពាវនាវបែបនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ របស់អាជ្ញាធរ មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាកម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដោយសម្រេច បាននូវសមិទ្ធផលយ៉ាងច្រើនជូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាន នូវសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្តិភាព ល្អក្នុងសង្គម មានការអភិវឌ្ឍន៍នៅមូលដ្ឋាន មានផ្លូវគមនាគមន៍ខ្វាត់ខ្វែងល្អ ប្រព័ន្ធប្រឡាយស្រោចស្រប មានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ គ្រប់ខ្នងផ្ទះទូទាំងខេត្តដែលជាកត្តា ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាដើមផងដែរ។
ឧនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ស្នាដៃ និងសមិទ្ធផលជាច្រើន បាននឹងកំពុងផុសត្រដែតឡើងជាបន្តបន្ទាប់នោះ វាមិនមែនកើតឡើងដោយឯងៗនោះទេ ពិតណាស់វាជាការខិតខំប្រឹងប្រែងរបស់ យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងអាជ្ញាធរដែនដី ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមកសាង និងបង្កើតវាឡើង ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពសម្បូររុងរឿងពី១ថ្ងៃ ទៅ១ថ្ងៃ។
បន្ថែមពីនេះ លោកស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការចូលរួមក្នុងការការពារនូវសុខសន្តិភាព និងស្ថេរភាពនយោបាយនេះ ទាំងអស់គ្នា ព្រោះសង្គ្រាម គឺបង្ករនូវការលំបាក និងវិនាស មហន្តរាយដល់សង្គមជាតិ និងប្រជាជន។
ជាចុងបញ្ចប់ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន មិនឲ្យពលរដ្ឋដែលចូលរួមទាំង២,១៧១នាក់ ទៅវិញដោយដៃទទែឡើយ ដោយលោកបាន ផ្ដល់នូវអំណោយក្នុង១នាក់ៗ ជាសារុង១ និងថវិកា១ម៉ឺនរៀល, ផ្តល់ស្ពីកគ័រចល័តធំ ចំនួន០៣គ្រឿង ដល់វិទ្យាល័យបន្ទាយឆ្មារ និងថវិកា៥០ម៉ឺនរៀល, វិទ្យាល័យថ្មពួក ថវិកា៥០ម៉ឺនរៀល, គណបក្សឃុំបន្ទាយឆ្មារស្ពីកគ័រចំនួន១ ថវិកា១លានរៀល និងគណៈកម្មាការរៀបចំសង្ក្រានបន្ទាយឆ្មារ បានអំណោយចំនួន ៥លានរៀលផងដែរ៕