(កណ្តាល)៖ នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់នោះ ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានទី២គណៈអចិន្ត្រៃយ៍ នៃគណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង បានចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកា និងប្រជាពលរដ្ឋជាង ១ពាន់នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងកិច្ចសំណេះសំណាលនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ ឧកញ៉ាបណ្ឌិត ទ្រី ភាព បានរំលឹកពីស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនដឹកនាំជាតិជាច្រើនទៀត ដែលបានប្រឹងប្រែងពលីកម្លាំងកាយចិត្ត ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងជួយឲ្យប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្នមានជីវភាពល្អប្រសើរ។
ដោយសាតែខែមេសា នេះជាពេលវេលាមួយដ៏សែនខ្លោចផ្សារនៅក្នុងប្រវត្តិសាស្រ្ត ពោលនៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួប ៤២ឆ្នាំ នៃការចូលកាន់កាប់រាជធានីភ្នំពេញ ពីសំណាកបនប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-១៧ មេសា ២០១៧) នោះ លោកឧកញ៉ា ទ្រី ភាព បានរំលឹកនូវទុក្ខវេទនានៃរបប ៣ឆ្នាំ ៨ខែមួយនេះ ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ និងធ្វើឲ្យពលរដ្ឋខ្មែររងទុក្ខវេទនាខ្លោចផ្សាមិនអាចបំភ្លេចបាន។
លោកឧកញ៉ា បានថ្លែងថា ទាំងរូបលោកឧកញ៉ា និងប្រជាពលរដ្ឋខ្មែរដទៃត្រូវនិរាសព្រាត់ប្រាស់ពីក្រុមគ្រួសារ និងគ្មានឡើយការជួបជុំក្រុមគ្រួសារ គ្មានស្គាល់ឡើយពិធីបុណ្យចូលឆ្នាំថ្មី។
បើតាមឧកញ៉ា ទ្រី ភាព បើគ្មានការតស៊ូរំដោះពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋខ្មែរប្រហែលគ្មានឱកាសជួបភាពសម្បូរណ៍សប្បាយដូចពេលនេះឡើយ។ «សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំកំពូល និងប្រកបដោយគតិបណ្ឌិតភ្លឺថ្លា និងឈ្លាសវៃ ក្នុងការដឹកនាំប្រទេសយើងឲ្យរីកចម្រើន និងជួយឲ្យប្រជាពលរដ្ឋយើងរស់នៅដោយសេចក្តីសុខ និងសម្បូរណ៍សប្បាយដូចពេលបច្ចុប្បន្ន»។
ឧកញ៉ា ទ្រី ភាព រួមនិងប្រជាពលរដ្ឋចូលរួមក្នុងពិធី បានរួមគ្នាលើកដៃ ហើយស្រែកប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី និងបន្តដឹកនាំប្រទេសឈានទៅរកវឌ្ឍនភាពថ្មីៗបន្ថែមទៀត សម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។
ក្រោយកិច្ចសំណេះសំណាល ឧកញ៉ា ទ្រី ភាព បានជូនថវិការដល់សមាជិកបក្សដែលចូលរួមចំនួន ១១៣៦នាក់ ក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀល , គណៈបក្សឃុំ ១,២០០,០០០ រៀល វត្តអង្គព្រោជ ១,២០០,០០០ រៀល , ឧបត្ថម្ភដល់វត្ថអង្គព្រោជ ជួលល្ខោនបាសាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ១០,០០០,០០០ រៀល , ឧបត្ថម្ភ៧ភូមិក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ៣,៥០០,០០០រៀល។ល។