(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា រួមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាអតីតសិស្សរួមជំនាន់ នៃសាលាវិទ្យាល័យចំបក់ជាង៥០០នាក់ បានប្រារព្ធពីធីការជួបជុំ និងពិសារបាយសាមគ្គី ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាក្រសួងធម្មការ បានលើកឡើងថា នេះជាការជុំមិត្តភក្តិ ជាអតីតសិស្សរួមជំនាន់ និងជាលោកគ្រូ អ្នកគ្រូ ដែលធ្លាប់រៀននៅសាលាវិទ្យាល័យ ហ៊ុន សែន ចំបក់នេះ និងជាដឹងគុណចំពោះសិស្សជំនាន់មុនផងដែរ។

លោកបានបន្ថែមទៀតថា ការជួបជុំគ្នានេះ បានបង្កើនភាពស្និតស្នាល រាក់ទាក់រវាងសិស្ស ឬអតីតសិស្ស ដែលកន្លងមកធ្លាប់រៀននៅទីនេះ។

នាឱកាសនៃការជួបជុំនេះ លោករដ្ឋលេខាធិការ និងលោកគ្រូ អ្នកគ្រូសិស្សជាង៥០០នាក់ នៃវិទ្យាល័យ ហ៊ុន សែនចំបក់ ដែលបានចូលរួម ក៏បានជួយឧបត្ថម្ភថវិកា នៅស៊ីម៉ង់១០ តោន សម្រាប់ចាក់សាបផ្លូវចូលសាលា រួមទាំងសម្ភារៈមួយចំនួនទៀត៕