(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពីម្សិលមិញនេះ បានអំពាវឱ្យអ្នកនយោបាយ និងមេដឹកនាំខ្មែរទាំងអស់ កុំបណ្តោយឱ្យប្រទេសកម្ពុជា ធ្លាក់ដុនដាប់ដូចប្រទេសស៊ីរី សព្វថ្ងៃនេះ។
នៅលើបណ្តាញសង្គម Facebook លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «សូមអំពាវនាវដល់អ្នកនយោបាយ និងមេដឹកនាំខ្មែរទាំងអស់ មេត្តាកុំបណ្តោយ ឲ្យប្រទេសកម្ពុជា ដូចប្រទេសស៊ីរីទីពីរ ពីព្រោះគ្រប់បញ្ហាយើងអាចដោះស្រាយគ្នាដោយសន្តិវិធីបាន ជាពិសេសសូមអ្នកនយោបាយក្នុងបក្សសង្រ្គោះជាតិទាំងអស់ សូមកុំព្យាយាមយកសាំងចាក់លើភ្លើងដើម្បីអំណាចរបស់ខ្លួន»។
លោកបានបន្តថា កម្ពុជាបានឆ្លងផុតរួចហើយនូវសង្រ្គាម ទុក្ខវេទនា ក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដូច្នេះអ្នកនយោបាយនៅប្រទេសកម្ពុជា គួរចងចាំបទពិសោធន៍ដ៏ អាក្រក់មួយនេះ កុំស្រមោលខ្មៅក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មកតាមលងកម្ពុជាក្នុងពេលបច្ចុប្បន្នតទៅទៀត។ ដូចជាស្ថានភាព នៅប្រទេសស៊ីរី បច្ចុប្បន្នបណ្តាល មកពីអ្នកនយោបាយ និងមេដឹកនាំនៅទីនោះជ្រុលនិយមខ្លាំងពេក ទើបបណ្តាលអោយមានគ្រោះមហន្តរាយយ៉ាងធំ កើតមកលើប្រជាជន នៅទីនោះយ៉ាងដូច្នេះ ទាំងចាស់ ទាំងក្មេង ទាំងកុមារ គឺស្លាប់ដោយអយុត្តិធម៌បំផុត គឺដោយសារតែអ្នកនយោបាយ និងមេដឹកនាំជ្រុលនិយមខ្លាំងពេក។
សូមបញ្ជាក់ថា ប្រទេសស៊ីរី ពេលនេះ កំពុងមានសង្រ្គាមរ៉ាំរ៉ៃរវាងពួកឧទ្ទាមផ្តាច់ខ្លួនដែលគាំទ្រដោយសហរដ្ឋអាមេរិក ជាមួយនឹងរដ្ឋាភិបាលរបស់លោក បាសា អាល់ អាសាដ ដែលគាំទ្រដោយរុស្ស៊ី។ សង្រ្គាមដ៏រ៉ាំរ៉ៃ នៅប្រទេសស៊ីរី បានកើតចេញពីបដិវត្តពណ៌ ដូចទៅនឹងប្រទេសមួយចំនួនទៀត នៅមជ្ឈឹមបូព៌ាដែរ។
យោធាអាមេរិកទើបនឹងបានបាញ់មីស៊ីល៥៩គ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាស Shayrat របស់រដ្ឋាភិបាលប្រទេសស៊ីរី កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ហើយនេះគឺជាការវាយប្រហារ ដោយផ្ទាល់ជាលើកដំបូងបំផុត ប្រឆាំងនឹងមូលដ្ឋានទ័ព របស់កងកម្លាំងរដ្ឋាភិបាលប្រធានាធិបតី លោក បាស្សា អាល់ អាស្សាដ ចាប់តំាងពីសង្រ្គាមស៊ីរីផ្ទុះឡើងអស់រយៈពេលជាង០៦ឆ្នាំមកនេះ៕