(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល ខណ្ឌទួលគោក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតតាមចាប់ខ្លួនក្រុមចោរឆក់ និងបក្ខពួកសេធគ្រឿងញៀនមួយសំបុកមានគ្នា១០នាក់។

ក្រុមចោរទាំងនេះ បានធ្វើសកម្មភាពឆក់កាបូបយកលុយរាប់ពាន់ ពីលោកស្រីអធិការរងនគរបាលខណ្ឌជ្រោយចង្វារម្នាក់ គឺលោកស្រី នង ស៊ីរ៉េ អាយុ៤៣ឆ្នាំស្នាក់នៅ ផ្ទះលេខ៣៦ ផ្លូវលេខ៣៣៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧នេះថា កាលពីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះលោកស្រី នង ស៊ីរ៉េ បានជិះម៉ូតូមួយ​គ្រឿងម៉ាក​ហុងដា ZommerX ពណ៌លាយទឹកក្រូច ពាក់​ស្លាក​លេខភ្នំពេញ1GG-5551 ដោយដាក់កាបូបយួរដៃ ​ពណ៌សូកូឡានៅលើកម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅធ្វើការនៅ អធិកាដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ។ នៅពេលជនរងគ្រោះ ធ្វើដំណើរមកដល់ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ ភេទប្រុស ជិះ​ម៉ូតូមួយ​គ្រឿងម៉ាកស៊ុយហ្សុយគីនិច ពណ៌ស មិនចាំស្លាកលេខ បានជិះមកទន្ទឹមម៉ូតូជនរងគ្រោះ ហើយអ្នកអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់យកកាបូប របស់ជនរងគ្រោះបានសម្រេចរួចនាំគ្នា ជិះម៉ូតូគេចខ្លួនបាត់អស់។

លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា «ក្រោយមានសភាពការណ៍ បទល្មើសកើតឡើង កម្លាំងជំនាញរបស់ការិយាល័យ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សុ្នងការ បានធ្វើការស្រាវជ្រាវ ដោយប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពកំណត់ មុខសញ្ញាបាន ឈានទៅធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន១០​នាក់ នៅចំណុចផ្ទះសំណាក់សុខ នីតា អគារលេខ១៨ ផ្លូវ លេខ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និងចាប់យកវត្ថុតាងបញ្ជូនមកកាន់ការិយាល័យ»

បើតាមរបាយការណ៍ នៅក្នុងកាបូបរបស់ជនរងគ្រោះ មានចិញ្ជៀនផ្លាកទីនដាំពេជ្រ មួយតម្លៃ៩៥០ដុល្លារ, លុយដុល្លារចំនួន១៦០ដុល្លារ, ប្រាក់រៀលចំនួន២០០,០០០រៀល, ទូរសព្ទដៃ១គ្រឿង និងឯកសារមួយចំនួន។

ជនសង្ស័យពាក់ព័ន្ធធ្វើសកម្មភាពឆក់ និងបក្ខពួកដែលប្រើប្រាស់គ្រឿងញៀនទាំង១០រូបរួមមាន៖

១-ឈ្មោះចិត្រ ចន្ទសីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស
២-ឈ្មោះ សែម ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស
៣-ឈ្មោះឡុង គឹមឡេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស
៤-ឈ្មោះ សូរ រ៉ូហ្សា ភេទប្រុស អាយុ១៧​ឆ្នាំ មុខរបរមិនពិតប្រាកដ
ជនសង្ស័យពាក់ព័ន្ធប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៦នាក់ (ប្រុស៣នាក់ ស្រី៣នាក់)៖
១-ឈ្មោះផាន សាំង ភេទប្រុស អាយុ១៨​ឆ្នាំ មុខរបរមិនពិតប្រាកដ
២-ឈ្មោះជា រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិន​ពិតប្រាកដ
៣-ឈ្មោះ អ៊ី ប៊ុនធី ភេទប្រុស អាយុ១៧​ឆ្នាំ មុខរបរមិនពិតប្រាកដ
៤-ឈ្មោះអ៊ុក រត្ន័ធា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ
៥-ឈ្មោះលី ចាន់សុម៉ាវត្តី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ
៦-ឈ្មោះហេង គឹមអី ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ

លោកនាយការិយាល័យបានបន្តទៀតថា បន្ទាប់ពីការចាប់ខ្លួនកម្លាំងនគរបាល បានដកហូត៖

-ទូរសព្ទ័ដៃរបស់ជនរងគ្រោះ
-ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ស លាយខ្មៅគ្មានស្លាកលេខ (មធ្យោបាយជិះធ្វើសកម្មភាពឆក់)
-ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយក្រហម ពាក់​ស្លាក​លេខភ្នំពេញ 1DJ-0536 (មធ្យោបាយជិះធ្វើសកម្មភាពឆក់)
-ម៉ូតូម៉ាកហុងដាសេ១២៥ ​ពណ៌ខ្មៅ សេរី​ឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FD-0340(មធ្យោបាយជិះធ្វើសកម្នភាពឆក់)
-ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FI-0661
-មួកសុវត្ថិភាពម៉ាកបូបូចំនួនមួយ(មួកពាក់ពេលធ្វើសកម្មភាព)

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ​ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕