(កំពង់ចាម)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន និងលោកស្រី នៅថ្ងៃអាទិត្យទី៩ ខែមេសា ឆ្នាំ២០១៧នេះ បាននាំយកថវិកាមួយចំនួន ទៅចែកជូនប្រជាពលរដ្ឋ និងទណ្ឌិតដែលកំពុងសម្រាក ជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ដើម្បីចូលរួមការកាត់បន្ថយការចំណាយ របស់ពួកគេបានមួយកម្រិតទៀត បើទោះបីជាថវិកាទាំងនេះបន្តិចបន្តួចក្តី។
នៅក្នុងសកម្មភាពធមនុស្សធម៌ខាងលើនេះ ក៏មានការចូលរួមពីអាជ្ញាធរក្រុងកំពង់ចាម និងលោកស្រីអភិបាលស្រុកកំពង់សៀម លោកស្រីស្នងការរង ខេត្តកំពង់ចាមផងដែរ។ លោកឧត្តមសេនីយ៍ស្នងការ បានចុះសួរសុខទុក្ខ និងផ្តល់ថវិកាជូនអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ក្នុងសាលសង្រ្គោះបន្ទាន់ចំនួន៥៦នាក់ និងទណ្ឌិត៤នាក់ ដែលពួកគេកំពុងស្ថិតនូវក្នុងសភាពប្រឈម និងគ្រោះថ្នាក់ ហើយកំពុងស្ថិតក្នុងការបីបាច់ថែរក្សា យ៉ាងយកចិត្តទុកដាក់ពី សំណាក់លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យជំនាញៗ។
ថវិកាក្នុងម្នាក់ៗទទួលបានចំនួន៧៥ ០០០រៀល សម្រាប់អ្នកជម្ងឺគ្រប់រូប រួមនិងជូនពរបងប្អូនឲ្យបានឆ្លងផុតគ្រោះថ្នាក់ ឆាប់ជាសះស្បើយ និងបានវិលត្រឡប់ទៅជួបជុំគ្រួសារ ពិសេសបានទៅចូលរួមបោះឆ្នោតនាថ្ងៃខាងមុខផងដែរ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ និងអ្នកអមដំណើរ ក៏បានផ្តល់នូវថវិកា៨០ម៉ឺនរៀល សម្រាប់លោកគ្រូពេទ្យប្រចាំការ ជាការលើកទឹកចិត្ត និងដើម្បីអបអរសាទរក្នុងឱកាសសង្រ្កានឆ្នាំថ្មី ដែលនិងមកដល់ក្នុងពេលឆាប់ៗនេះ៕