(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នេះ បានចំអកដល់មេបក្សប្រឆាំង ដែលបាននិយាយថា ខ្លួននឹងឈ្នះក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ។ លោក សុខ ឥសាន បានលើកឡើងថា មេដឹកនាំបក្សប្រឆាំងតែងនិយាយថា «ឈ្នះឆ្នោត» ប៉ុន្តែទីបំផុតបែរជា «ឈ្នះខ្យល់» ទៅវិញ។

លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា «ការនិយាយរបស់ កឹម សុខា មិនខុសអីនឹងការទិញសន្លឹកឆ្នោតបណ្តាក់ទេ គ្រាន់តែអ្នកនៅក្នុងស្រុកបោះឆ្នោតឲ្យសិនមក ទើបបាននេះបាននោះ ឯអ្នកនៅក្រៅស្រុក ជួយលុយសិនមកទើបមានមុខតំណែងពេលឈ្នះ។ ការនិយាយរបស់ ឯឧកឹម សុខា មិនអាចក្លាយជាការពិតឡើយ។ ការនិយាយឈ្នះៗនេះ មានតាំងពីជំនាន់ សម រង្សីម្លេះ ទីបំផុតគ្មានលទ្ធផលអ្វីទាំងអស់ គឺឈ្នះខ្យល់»

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ក្នុងឱកាសចូលរួមបុណ្យ «ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ជាមួយបពលរដ្ឋខ្មែរនៅទីក្រុងអកលែន​ (Auckland) ប្រទេសញូហ្សេលែន លោក កឹម សុខា​ ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា តាមការស្ទាបស្ទង់មតិក្រៅផ្លូវការ បង្ហាញថា គណបក្សសង្រ្គោះជាតិ នឹងឈ្នះ នៅក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះ។

លោក សុខ​ ឥសាន បានបញ្ជាក់ថា «ការនិយាយថា មានគេធ្វើការស្ទាបស្ទង់មតិថា គណបក្សប្រឆាំងនឹងឈ្នះឆ្នោត មិនមែនជារឿងចម្លែកទេ។ ចាប់តាំងបង្កើតគណបក្សមក សម រង្សី តែងតែនិយាយថាឈ្នះរហូត។ ក៏ប៉ុន្តែការពិតជាក់ស្តែង សម រង្សី មានដែលឈ្នះកាលណា ឃើញតែចាញ់រហូត ជាង២០ឆ្នាំហើយ។ ដូច្នេះការនិយាយរបស់ ឯឧ កឹម សុខា ក៏គ្មានអ្វីប្លែកជាង សម រង្សីដែរ ដូចតែគ្នាហ្នឹង។ បើមិនយាយថាឈ្នះឆ្នោតធ្វើម្តេចអ្នកនៅឯបរទេសគេជួយលុយកាក់មក។ យើងដឹងហើយថា អ្នកខាងក្រៅ ក៏ចង់បាន មុខតំណែងដែរ។ បើចង់បានមុខតំណែងលុះត្រាតែឈ្នះឆ្នោត។ បើថាឈ្នះឆ្នោត ទើបគេជួយលុយឲ្យ»

សូមជំរាបថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពេលនេះ កំពុងធ្វើដំណើរទស្សនកិច្ច រយៈពេលជាង១០ថ្ងៃ នៅប្រទេសញូហ្សេលេន និងអូស្រ្តាលី។ លោក​នឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៨ ខែមេសា​ ឆ្នាំ២០១៧ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីត្រូវបានបញ្ចប់៕