(បាត់ដំបង)៖ ក្រុមការងារចុះជួយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងដឹកនាំដោយលោក ឃុន សំបូរ ជាប្រធានក្រុមតំណាងលោក សុខ ផល ប្រធានគណៈពង្រឹងស្រុកបាណន់ នៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០១៧នេះ បានចុះទៅជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ជាង៧០០គ្រួសារ រស់នៅតាមមូលដ្ឋានដើម្បីចង់ដឹងពីសុខទុក្ខ និងការលើកឡើងផ្សេងៗរបស់ពួកគាត់ ដែលបាន និងកំពុងជួបប្រទះ ហើយដើម្បីយកបញ្ហាទាំងនេះដាក់ជូន ថ្នាក់ដឹកនាំធ្វើការស្រាយតាមជាក់ស្តែង។
ប្រជាពលរដ្ឋទាំងនេះ រួមទាំងស្រ្តីសម្រាលកូន គ្រួសារមរណៈ និងនិស្សិតអាហារូបករណ៍ ក៏ត្រូវបានក្រុមការងារចុះជួយឃុំតាគ្រាម នាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង យកទៅប្រគល់ជូនផងដែរ។
នៅចំពោះមុខប្រជាពលរដ្ឋទំាងនេះ លោក ឃុន សំបូរ បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចក្រឡាហោម និងលោក សុខ ផល ដោយបានចាត់ឲ្យក្រុមការងាររបស់លោក នាំយកមូលនិធិមកចែកជូនបងប្អូនជាប្រចាំ ដើម្បីចូលរួមកាត់បន្ថយការលំបាកបានមួយកម្រិតទៀត។
នៅចំពោះមុខក្រុមការងារ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចក្រឡាហោម ដោយពួកគាត់យល់ថា ពិតជាល្អ និងចង់ឲ្យបន្តសកម្មភាពនេះកាន់តែខ្លាំងឡើង។
ប្រជាពលរដ្ឋទាំងអស់ បានសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារតែមានគោលនយោបាយពិតប្រាកដ និងជួយប្រជាពលរដ្ឋពិតៗ មិនដូចបក្សប្រឆាំង ដែលដើរឃោសនាភូតភរ និងមែនដែលមានសកម្មភាពជួយប្រជាពលរដ្ឋនោះឡើយ។
នៅក្នុងវេទិកានេះប្រជាពលរដ្ឋជាច្រើននាក់ បានក្រោកកាន់ក្បាលម៉េក្រូ និយាយប្រាប់បញ្ហាផ្សេងៗ ដែលមាននៅក្នុងមូលដ្ឋាន របស់ពួកគាត់ ហើយព្រមទាំងឲ្យថ្នាក់ដឹកនាំជួយដោះស្រាយ ក្នុងនោះមានទាំងការស្នើសុំធ្វើការថ្នល់ផងដែរ៕