(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី១៣ ដោយមានកិច្ចប្រជុំរួមថ្នាក់ទេសាភិបាល ធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ អាស៊ានលើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដោយប្រព្រឹត្តទៅមាន រយៈពេល៤​ថ្ងៃចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។

ក្នុងកិច្ចប្រជុំនោះ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបាន ក្នុងការជំរុញសមាហរណកម្មវិស័យ​ហិរញ្ញវត្ថុអាស៊ាន នាឆ្នាំកន្លងទៅ ស្របតាមគោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥។

 ការឈានទៅមុខនៃសមាហរណកម្មនេះ ទទួលបានដោយសារការបង្កើនជាលំដាប់នូវការធ្វើ សេរីភាវូបនីយកម្មគណនី​មូលធន (CAL)ដែលបានធ្វើឱ្យមូលធនកាន់តែហូរដោយសេរីក្នុងតំបន់, សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ (FSL)ដែលបានអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនៃបណ្តាប្រទេសជាសមាជិកផ្តល់សេវាហិរញ្ញវត្ថុកាន់​តែ​ទូលាយ, សមាហរណកម្មវិស័យធនាគារ (ABIF) ដែលមានគោលដៅបង្កើតឱ្យមានគ្រឹះស្ថានហិរញ្ញវត្ថុដែលមានគុណវឌ្ឍន៍ (Qualified Asean Bank: QAB) ដែលអាចផ្តល់សេវាធនាគារនៅក្នុងប្រទេសជាសមាជិកដោយគ្មានការរឹតត្បិត, សមាហរណកម្មប្រព័ន្ធ​ទូទាត់ (PSS) ដែលកំពុងធ្វើឱ្យការទូទាត់ក្នុងតំបន់កាន់តែងាយស្រួយ ឆាប់រហ័សចំណាយសមរម្យនិងមានប្រសិទ្ធភាព, ការអភិវឌ្ឍទីផ្សារទុន (CMD) ដែលអាចផ្តល់ប្រភពទុនដល់ក្រុមហ៊ុន សហគ្រាសនៅក្នុងអាស៊ាន និងការលើកម្ពស់
បរិយាប័ណ្ណហិរញ្ញវត្ថុ (FINC) សំដៅឱ្យប្រជាជាតិអាស៊ានទទួលបានការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ កម្ពុជាបានទទួលពិន្ទុខ្ពស់ក្នុងការធ្វើសេរីភាវូបនីយកម្ម​ក្នុងវិស័យហិរញ្ញវត្ថុ​នៅក្នុង​សហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយសារគោលនយោបាយបើកទូលាយនៃវិស័យ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់​រាជរដ្ឋាភិបាលកម្ពុជា។ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ អាជ្ញាធររូបិយវត្ថុ និងគ្រប់គ្រងប្រព័ន្ធទូទាត់បានខិតខំប្រឹងប្រែងក្នុងការចូលរួមគាំទ្រនិងជំរុញសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ានសំដៅរួមចំណែកធ្វើឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានកាន់តែមាន​សមាហរណកម្មផ្នែក​ហិរញ្ញវត្ថុ ជាមួយស្ថិរភាពហិរញ្ញវត្ថុ និងបរិយាប័ណ្ណហិរញ្ញវត្ថុ។

ទន្ទឹមនេះ ដើម្បីបន្តគាំទ្រដំណើរនៃសមាហរណកម្មក្នុងវិស័យហិរញ្ញវត្ថុ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន បានផ្តល់ការណែនាំទៅដល់គណៈកម្មាធិការនិងក្រុមការងារជំរុញសមាហរណកម្មវិស័យ
ហិរញ្ញវត្ថុ និងអនុមត្រលើការងារអាទិភាពមួយចំនួន រួមមាន៖

* អនុម័តលើការបង្កើតសូចនាករគន្លឹះសម្រាប់វាយតម្លៃការងារ (KPIs) តាមផ្នែកនីមួយនៃសមាហរណកម្ម
* អនុម័តលើការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាន់ខ្ពស់ (SLC) ដើម្បីជួយតាមដានលើវឌ្ឍនភាពការងាររបស់​សមាហរណកម្មហិរញ្ញវត្ថុអាស៊ានជារួម.
* អនុម័តឱ្យដាក់បញ្ជូលនូវកិច្ចប្រជុំថ្នាក់ទេសាភិបាលអាស៊ាន (ACGM) កិច្ចប្រជុំរវាងទេសាភិបាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន (AFMCGM) កិច្ចប្រជុំថ្នាក់ទេសាភិបាលរងអាស៊ាន (ACDM) កិច្ចប្រជុំរួមរវាងថ្នាក់ទេសាភិបាលរង និងអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ  (AFCDM) និងតួនាទីរបស់ SLC  នៅក្នុងឧបសម្ព័ន្ធមួយនៃធម្មនុញ្ញអាស៊ាន (ASEAN’s Charter) ដែលនិយាយពីរចនាសម្ព័ន្ធ
អភិបាលកិច្ចអាស៊ាន។

ថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានបានអបអរសាទរលើការពង្រឹងយន្តការសុវត្ថិភាពហិរញ្ញវត្ថុ អាស៊ាន+៣ ដូចជា វឌ្ឍនភាពក្នុងការងារតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងស្ថិរភាពហិរញ្ញវត្ថុ ដោយសារការពង្រឹងជា​លំដាប់នូវសមត្ថភាពនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ក្នុងការវិភាគនិងតាមដានហានិភ័យ ចំពោះម៉ាក្រូសេដ្ឋកិច្ចនិងស្ថិរភាពហិរញ្ញវត្ថុ, ការពង្រឹងភាពរួចរាល់នៃដំណើរការ CMIM (ដែលជាប្រតិបត្តិការជួយផ្តល់​សន្ទនីយភាពដើម្បីបង្កាឬដោះស្រាយវិបត្តិ) និងវឌ្ឍនភាពក្នុងការងារអភិវឌ្ឍទីផ្សារ​សញ្ញាប័ណ្ណអាស៊ី។

ធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុ​អាស៊ាន+៣ក្នុង​គោលបំណង​ពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុតំបន់ក៏ដូចជាកម្ពុជា ឱ្យកាន់តែរឹងមាំ ដែលនឹងរួមចំណែកពង្រឹង​ជំនឿទុកចិត្តនិងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ចំពោះការប៉ះទង្គិច ឬវិបត្តិណាមួយដែលអាចកើតឡើងជាយថាហេតុ។

កិច្ចពិភាក្សានេះបានផ្តោតលើការយកចិត្តទុកលើកកម្ពស់ភាពស៊ីជម្រៅផ្នែកហិរញ្ញវត្ថុ ដែលបានរួមចំណែកអភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងតួនាទីនិងបញ្ហាប្រឈមរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការពង្រីកសកម្មភាពផ្តល់សេវាហិរញ្ញវត្ថុនៅតំបន់ហើយបញ្ហាប្រឈមចម្បងមួយរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការចូលរួមដំណើរការសមាហរណកម្មហិរញ្ញវត្ថុគឺបទប្បញ្ញាតិកម្មក្នុងប្រទេសជាសមាជិក ដែលនៅមិនទាន់បានអនុញ្ញាត​ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពង្រីកសកម្មភាពដោយសេរីនៅក្នុងអាស៊ាន។

សូមបញ្ជាក់ផងដែរថា នៅកម្ពុជា វិស័យធនាគារកម្ពុជាមានភាពបើកទូលាយ ដោយគ្រឹះស្ថានធនាគារទាំងបរទេស និងក្នុងស្រុកគឺស្ថិតក្រោមបទប្បញ្ញាតិតែមួយដូចគ្នា ដោយគ្មានរើសអើងនោឡើយ៕