(ព្រះវិហារ)៖ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបញ្ជាក់ថា រយៈពេល៣ខែ ដើមឆ្នាំ២០១៧នេះ កម្លាំងនគរបាលទូទាំងប្រទេស បង្ក្រាបបទល្មើសគ្រឿងញៀនបានជិត៣,០០០ករណី ឃាត់ខ្លួនជនសង្ស័យបានជិត៧,០០០នាក់ និងដកហូតថ្នាំញៀនជាង៣០គីឡូក្រាម។
លោកឧត្តមសេនីយ៍ឯក លើកឡើងនេះក្នុងពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ។
លោកថ្លែងយ៉ាងដូច្នេះថា «ចាប់តាំងពីអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៦ខែដើមឆ្នាំ២០១៧ របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ឃើញថា រយៈពេលតែជាង៣ខែប៉ុណ្ណោះ យើងបង្ក្រាបករណីគ្រឿងញៀនបាន ២,៨២៦ករណី ឃាត់ខ្លួនជនសង្ស័យបាន ៦,៥២៣នាក់ និងរឹបអូសគ្រឿងញៀនបាន ៣១.២៩គីឡូក្រាម»។ តួលេខនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលជាតិ នៅទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ឯក បានជំរុញឲ្យមន្ត្រីនគរបាលនៅខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ថែមទៀត ក្នុងបង្រ្កាបករណីគ្រឿងញៀនឲ្យមានប្រសិទ្ធភាព។
លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ លោកបានណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរ ដើម្បីបង្កភាពសប្បាយដល់ប្រជាពលរដ្ឋ។
មន្ត្រីនគរបាលដែលត្រូវបំពាក់ឋានន្តរស័ក្តិនៅពេលនោះ រួមមាន៖ ថ្នាក់វរសេនីយ៍ឯក ចំនួន៥រូប ថ្នាក់វរសេនីយ៍ទោ ចំនួន១០រូប ថ្នាក់វរសេនីយ៍ត្រី ចំនួន៣៧រូប ថ្នាក់អនុសេនីយ៍ឯក ចំនួន១០រូប ថ្នាក់អនុសេនីយ៍ទោ ចំនួន១៣រូប ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៥រូប ថ្នាក់ព្រិន្ទបាលឯក ចំនួន១៤រូប និងថ្នាក់ព្រិន្ទបាលទោ ចំនួន៧រូប ផងដែរ៕