Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេឃុំប៉ាតេ និងក្រុមសកម្មជនបក្សប្រឆាំង នៅស្រុកអូរយ៉ាដាវជាច្រើននាក់ សម្តែងការអស់ទំនុកចិត្តលើមេរបស់ខ្លួន ដែលបោកប្រាស់ ឲ្យដើរឃោសនាភូតប្រជាពលរដ្ឋតាមមូលដ្ឋាន

09-04-2017 09:38

(រតនគិរី)៖ ដោយអស់ភាពជឿទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំរបស់ខ្លួន ទាំងមេឃុំ និងក្រុមសកម្មជនរបស់គណបក្សប្រឆាំង នៅមូលដ្ឋានស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានលើកឡើងពីការមិនពេញចិត្តទាល់តែសោះចំពោះថ្នាក់លើរបស់ខ្លួន ដែលបញ្ជាឲ្យដើរឃោសនាកុហកបោកប្រាស់ប្រជាពលរដ្ឋបន្ត ដោយសន្យាពីនេះពីនោះ តែមិនឃើញធ្វើបានដុំភួនឡើយ នេះជាលើកឡើងរបស់លោកមេឃុំប៉ាតេ និងយុវជនគាំទ្របក្សប្រឆាំង។

ជាក់ស្ដែងនៅថ្ងៃទៅ០៨ ខែមេសា ឆ្នាំ២០១៧ ក៏មានលោកមេឃុំប៉ាតេ និងយុវជនជាច្រើននាក់ ដែលធ្លាប់ជាក្រុមសកម្មជនដ៏សកម្ម មកពីគណបក្សសង្គ្រោះជាតិ នៅស្រុកអូរយ៉ាដាវ ចេញមុខបញ្ជាក់ថា មិនសប្បាយចិត្តចំពោះថ្នាក់ដឹកនាំរបស់ខ្លួន ដែលតែងតែបោកប្រាស់ក្រុមខ្លួន ឲ្យដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋ ដោយកាលណោះ គេបានឲ្យពួកគាត់ដើរឃោសនាញុះញុង បំបែកបំបាក់សាមគ្គី ធ្វើឲ្យមានការរើសអើងគ្នា នៅមូលដ្ឋានរបស់ខ្លួន។

ការស្អប់ខ្ពើមចំពោះទង្វើមិនគប្បីទាំងនេះ ត្រូវបានស្ដែងឲ្យឃើញក្នុងពិធីចូលរួមជប់លៀងបុណ្យភូមិ ដើម្បីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិ និងដើម្បីបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាឆ្នាំថ្មី ជួយថែរក្សាប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានលោកទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាអធិបតី និងវត្តមានប្រជាពលរដ្ឋ និងចាស់ទុំ ក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ខណៈនោះ លោកមេឃុំប៉ាតេ ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ ងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន វិញ ដើម្បីបន្តរក្សាសន្តិភាព និងធ្វើការអភិវឌ្ឍជូនជាតិមាតុភូមិ។

ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា ហើយបានសន្យាថា «លែងបោះឆ្នោតខុសទៀតហើយ នឹងបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»