(ព្រៃវែង)៖ អគ្គិភ័យមួយបានលេបត្របាក់ឃ្លាំងអេតចាយដ៏ធំមួយ នៅម៉ោងប្រមាណ៩យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ នៅផ្សារចាស់តំបន់ អ្នកលឿង ស្ថិតក្នុងភូមិលេខ៥ ឃុំព្រែកខ្សោយ ស្រុកពាមរក៏ ហើយបន្ដរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ១០ខ្នង បណ្ដាលឲ្យរងការ ខូចខាតធ្ងន់ធ្ងរ ដែលគិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ ហើយរហូតមកដល់ព្រឹកថ្ងៃនេះ កម្លាំងនគរបាលបន្តបាញ់ពន្លត់ រងើកភ្លើងដែលនៅសេសសល់នៅឡើយ។
ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៩ ខែមេសានេះថា អគ្គិភ័យនេះបង្កឡើងតាំងពីម៉ោង៩យប់ ហើយពេលនោះកម្លាំងរបស់លោក សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានជួយអន្ដរាគមន៍ ដោយប្រើប្រាស់ឡានទឹកអស់៧គ្រឿង ដើម្បីកុំឲ្យភ្លើងរាលដាលដល់ផ្ទះពលរដ្ឋបន្ថែមទៀត រហូតដល់ម៉ោងជាង១រំលងអាធ្រាត្រ ទើបកកម្លាំងជំនាញគ្រប់គ្រងស្ថានការណ៍បាន៨០ភាគរយ។
បើតាមលោកស្នងការ ដែលបានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ បញ្ជាក់ថា ផ្ទះបង្កមានម្ចាស់ឈ្មោះ កែវ ឡន ភេទប្រុស ដោយឡែកជនរងគ្រោះដែលជាម្ចាស់ផ្ទះ១០ខ្នងផ្សេងទៀត រួមមាន ទី១៖ឈ្មោះ មាស ណារិន ភេទស្រី, ទី២៖ឈ្មោះ ផាត់ យ៉ុន ភេទស្រី, ទី៣៖ឈ្មោះ អ៊ឹម ហាន ភេទស្រី, ទី៤៖ឈ្មោះ អេង សំអាង ភេទប្រុស, ទី៥៖ឈ្មោះ ផាន់ ដារិទ្ធ ភេទប្រុស, ទី៦៖ឈ្មោះ សុខ ខេង ភេទស្រី, ទី៧៖ឈ្មោះ ហុង ឆេងអ៊ាង ភេទស្រី, ទី៨៖ឈ្មោះ ឡុង ជឿន ភេទប្រុស, ទី៩៖ឈ្មោះ អ៊ុក អ៊ុល ភេទប្រុស, ទី១០៖ឈ្មោះ អ៊ុក រ៉ានី ភេទស្រី។
បន្ថែមពីនេះ លោកស្នងការ បានឲ្យដឹងថា គិតមកទល់ព្រឹកនេះ កម្លាំងជំនាញកំពុងតែបន្ដសកម្មភាពពន្លត់ដដែល ដោយសារតែខ្លាចមានរងើកភ្លើង ហើយអាចបន្ដជាអគ្គិភ័យម្ដងទៀត។ តែទោះជាយ៉ាងណាក៏ដោយ លោកស្នងការ មិនទាន់បានធ្វើការបញ្ជាក់ពីទំហំនៃការខូចខាត និងមូលហេតុការនៅឡើយទេ ព្រោះតែជំនាញកំពុងធ្វើការ។
សម្រាប់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនេះ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី ក៏ចុះទៅបញ្ជាផ្ទាល់ផងដែរ។