(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានផ្តល់ម៉ូតូ ៣គ្រឿង ម៉ាស៊ីនភ្លើង ១គ្រឿង អណ្តូងទឹក១ និង GPS ចំនួន ០៣គ្រឿងផងដែរ ទៅដល់កងអនុសេនាធំទី៣ វរៈសេនាតូចការពារព្រំដែនគោកលេខ១០២ ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់កន្ទុយនាគ ដើម្បីសម្រួលដល់ការងារ ការពារបូរណភាពដែនដី និងអធិបតេយ្យជាតិខ្មែរ។
លោកអនុសេនីយ៍ទោ រ៉ុង សុសីហា មេបញ្ជាការរងកងអនុសេនាធំទី៣ វរៈសេនាតូចការពារព្រំដែនគោកលេខ១០២ ក្នុងនាមកងកម្លាំងទាំងអស់ ដែលឈរជើងនៅតំបន់កន្ទុយនាគថ្លែងអំណរគុណចំពោះលោក ថង សាវុន ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងកម្លាំង ដែលឈរជើងនៅទីនោះ។
សូមបញ្ជាក់ថា ភូមិសាស្រ្តតំបន់កន្ទុយនាគ គឺជាតំបន់ព្រំដែនរួមនៃប្រទេសកម្ពុជា វៀតណាម និងឡាវ។ តំបន់នេះ ជាតំបន់ដាច់ស្រយាលមួយរបស់កម្ពុជា នៅក្នុងខេត្តរតនគិរី៕