(ភ្នំពេញ)៖ កីឡាករដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនផ្លូវការជាមួយក្លឹប Fujieda MYFC ហើយ នៅក្នុងការប្រកួតបាល់ទាត់ ពានរង្វាន់ព្រះចៅអធិរាជជប៉ុន Emperror Cup លើកទី២២ ដោយបានជួយក្រុមលំដាប់លីគទី៣ របស់ជប៉ុននេះ យកឈ្នះក្រុម Yazaki Valente យ៉ាងចាស់ដៃជាមួយលទ្ធផល ៥-០ ប៉ុន្ដែខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ មិនទាន់រកបានគ្រាប់បាល់ក្នុងការប្រកួតផ្លូវការ លើកដំបូងរបស់ខ្លួននោះឡើយ សម្រាប់ការប្រកួតកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ ។
ថ្វីត្បិតការប្រកួតផ្លូវការលើកដំបូងនេះ វឌ្ឍនាកា មិនទាន់បំប៉ោងសំណាញ់ទីគូប្រកួតក្ដី ប៉ុន្ដែកូនប្រុសអភិបាលខេត្តកំពតរូបនេះ រកបានគ្រាប់បាល់ចំនួន ៣លើកមកហើយ ក្នុងការប្រកួតមិត្តភាពក្រៅផ្លូវការជាមួយក្រុមថ្មីរបស់ខ្លួន ជាក់ស្ដែងកាលពីដើមសប្ដាហ៍កន្លងទៅ ចាន់ វឌ្ឍនាកា រកបាន ១គ្រាប់ក្នុងជ័យជម្នះរបស់ក្រុម Fujieda MYFC លើក្រុម Yokkaichi ដោយលទ្ធផល ៤-២ មុនបន្ដយកឈ្នះក្រុម Yazaki Valente ដោយលទ្ធផល ៥-០ កាលពីល្ងាចមិញ ។
សម្រាប់ការប្រកួតបន្ទាប់របស់ក្រុម Fujieda MYFC វិញ គឺត្រូវជួបក្រុម Azulcaro Numazu នៅក្នុងជំនួបជើងទី១ នៃលីគលំដាប់ទី៣ របស់ជប៉ុន(J3 League) នាថ្ងៃទី០៩ ខែមេសានេះ ។ ដូច្នេះអ្នកគាំទ្រ ក៏កំពុងរង់ចាំអ៊ុតផងដែរថា បន្ទាប់ពី ចាន់ វឌ្ឍនាកា បង្ហាញខ្លួនលើកដំបូងក្នុងពាន Emperror Cup តើខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ នឹងមានឱកាសបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតលីគលំដាប់ទី៣ របស់ជប៉ុនទៀត ឬយ៉ាងណា? ៕