(សៀមរាប)៖ ក្នុងជំនួបនៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុងសុង អភិបាលខេត្តសៀមរាប និងលោកស្រី ស៊ុន ឈុនឡាន សមាជិការការិយាល័យនយោបាយ និងជារដ្ឋមន្ដ្រីក្រសួងរណសិរ្ស នៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្ដចិន បានថ្លែង រួមគ្នាថា នឹងបន្តពង្រឹង និងពង្រីក កិច្ចសហការទាំងអស់ឲ្យកាន់តែមានភាពល្អប្រសើរទ្វេឡើង ហើយភាគីចិន នឹងបន្ដផ្តល់ជំនួយការ តម្រូវការជាក់ថែមទៀត។
លោក ឃឹម ប៊ុនសុង បញ្ជាក់ពីចំណងទាក់ទងដ៏ល្អ ជាមួយគ្នាតាំងពីយូលង់មកហើយ ថែមលើសពីនេះ ចំណងទាក់ទងនេះក៏ត្រូវបាន ពង្រីក និងពង្រឹងឲ្យកាន់តែជិតស្និទ្ធ និងស្អិតរមួត ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចនរោត្តម សីហនុ ហើយជាបន្តបន្ទាប់ត្រូវ បានលើកកម្ពស់បន្ថែមទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន រហូតបានក្លាយទៅជាទំនាក់ទំនង នៃភាពជាដៃគូ យុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។ ប្រទេសចិន និងប្រទេសកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងគួរជាទីទុកចិត្តបំផុតសម្រាប់ គ្នាទៅវិញទៅមក គ្រប់យន្តការទាំងការទូត នយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ ហើយតែងតែជួយគ្នាគ្រប់កាលៈទេសៈ។
លើសពីនេះ អភិបាលខេត្តសៀមរាប បានថ្លែងណរអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែង តែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាបនាពេលកន្លងមក ហើយនៅតែបន្តគាំទ្រ ដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ជាការឆ្លើយតប លោកស្រី ប្រធានប្រតិភូ សូមគាំទ្ររាល់កិច្ចទំនាក់ទំនងរវាងចិន-កម្ពុជា ហើយបន្តពង្រឹង និងពង្រីកកិច្ចសហការ ទាំងអស់ឲ្យកាន់តែមានភាពល្អប្រសើរទ្វេឡើង និងផ្តល់ជំនួយការតម្រូវការជាក់ថែមទៀត ជាពិសេសបន្តជម្រុញអ្នកវិនិយោគ និងអ្នកទេសចរណ៍ ឲ្យមកបន្តាក់ទុន និងទស្សនានៅខេត្តសៀមរាប ឲ្យកាន់តែច្រើនឡើងថែមទៀត។
ជាមួយគ្នានោះលោកស្រី ក៏បានកោតសរសើរ ចំពោះសមិទ្ទិផលជាច្រើនដែរ ដែលអាជ្ញាធរខេត្តសៀមរាប បានខិតខំប្រឹងប្រែង ធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ អ្វីលើសពីនេះព្រឹត្តិការណ៍អង្គរសង្រ្តាន្ត ក៏អាចទាក់ទាញភ្ញៀវទេសចរមកទស្សនា ខេត្តសៀមរាបផងដែរ៕