(បន្ទាយមានជ័យ)៖ ឧបនាយរដ្ឋមន្ដ្រី កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ ចុះសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំកូប និងឃុំ គុត្តសត ស្រុកអូរជ្រៅ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ គណបក្រប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចពញ្ញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងសមេ្ដច ក្រឡាហោម ស ខេង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងនូវភាពរីកចម្រើន នៃការអភិវឌ្ឍន៍សំណង់ធំៗ ពេញផ្ទៃប្រទេសកម្ពុជា ដូចជា វិស័យកសិកម្ម, ឧស្សាហកម្មសម័យ, សេដ្ឋកិច្ច, អប់រំ, ច្បាប់, សុខាភិបាល,គមនាគមន៍, ទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធ័ ថ្មីៗជាច្រើនទៀត និងធ្វើឲ្យល្បីរន្ទឺក្នុងពិភពលោក។
លោក កែ គឹមយ៉ាន បញ្ជាក់ថា សព្វបែបយ៉ាងដែលកំពុងរីកចម្រើនបាន ក៏ដោយសារមាន ការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍ទូទាំងប្រទេសជាតិ និងលើឆាកអន្តរជាតិ។
ចុងបញ្ចប់ ឧបនាយករដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់សមាជិកត្រូវចេះរួបរួមជួយគ្នា សាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នាដូចជាគ្រួសារតែមួយ។ ក្នុងនោះដែរ សមាជិក សមាជិកា ចូលរួម២ឃុំ ចំនួន២,០៤៩នាក់ ក្នុងម្នាក់ទទួលបានអំណោយ សារុងម្នាក់១ ស្បែកជើង១គូ ដោយឡែកសិស្សានុសិស្សចំនួន៥០០នាក់ ក្នុងម្នាក់ ទទួលបាន អំណោយ១កញ្ចប់ មានសៀវភៅ២ក្បាល, ប៊ិច៣ដើម, ខ្មៅដៃ៣ដើម, បន្ទាត់១កំភ្លេ, មី១កញ្ចប់, នំប៉័ង១ និងទឹកសុទ្ធ១ដប ព្រមទាំងប្រគេន្ត អំណោយជាថវិកាដល់វត្តសូរិយាថ្មី ចំនួន១លានរៀលផងដែរ៕