(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានគណៈពង្រឹងសង្កាត់ត្រពាំងក្រសាំង រួមនិងមន្ដ្រីរាជការ នៅភូមិ ,សង្កាត់,ខណ្ឌពោធិ៍សែនជ័យ បាននិមន្ដព្រះសង្ឃ១២អង្គ ស្រោចទឹកប្រសិទ្ធពរជ័យ សិរីសួស្ដីជ័យមង្គលវិបុល សុខជូនចាស់ជរា ចំនួន៥៦៨នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅភូមិសាមគ្គីទី១, ២, ៣ និងទី៤ នៅរសៀលថ្ងៃទី០៨ មេសា ឆ្នាំ២០១៧នេះ។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា តាមទំនាមទម្លាប់ប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ កូនចៅតែងតែដឹងគុណ ជីដូន ជីតា ឪពុក ម្ដាយ ដោយនិមន្ដព្រះសង្ឃ មកប្រោះព្រុំជូនគាត់ និងកូនចៅ ស្រោយទឹក ដើម្បីឲ្យលោកឪពុក អ្នកម្ដាយ លោក យាយ លោកតា ត្រជាក់ចិត្ដ និងមានភាពកក់ក្ដៅពីកូន ចៅៗ គ្រប់ៗគ្នា ដែលនេះជាទំនាមទម្លាប់ប្រពៃណីជាតិខ្មែរដ៏ល្អមិនអាចបំភ្លេចបាន។
លោកបន្ដថា «គោលបំណងដែលយើងទាំងអស់គ្នា រៀបចំពិធីស្រោចទឹកជូនចាស់ៗ នាថ្ងៃនេះឡើង គឺចង់ អប់រំ បង្ហាញ និងផ្សព្វផ្សាយ ប្រាប់ទៅកូន ៗចៅៗ របស់យើង ឲ្យគេយកគំរូតាម ដើម្បីពួកគេ យកទៅអនុវត្ដបន្ដនៅថ្ងៃខាង មុខៗទៀត»។
បន្ថែមពីនេះ លោក មាន ចាន់យ៉ាដា បានឲ្យដឹងថា យើងមានថ្ងៃនេះ ក៏ដោយសារមានដឹកនាំ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចបានដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យទាំងវិស័យ ឧស្សាហកម្ម, ពាណិជ្ជកម្ម, កសិកម្ម, វប្បធម៌, ទេសចរណ៍, សេដ្ឋកិ ច្ចកម្ពុជា កំពុងបោះជំហ៊ានទៅមុខរកភាពរីចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ មិនតែប៉ុណ្ណោះ វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវបានដើរទន្ទឹមគ្នាផងដែរ។
លោកក៏បានផ្ដាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា វប្បធម៌ ប្រពៃណីជាតិខ្មែរ ឲ្យបានគង់វង្ស និងការធ្វើដំណើរទៅលេងស្រុកកំណើត ដោយមធ្យោបាយ តាមម៉ូតូ ឬរថយន្ដ ត្រូវពាក់មួក សុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់ ដល់អាយុជីវិត។
ឆ្លៀតក្នុងឱកាសនោះ អភិបាលរងរូបនេះ បានស្នើរឲ្យប្រជាពលរដ្ឋ កុំភ្លេចទៅបោះឆ្នោត នៅថ្ងៃទី០៤ ខែមិថុនា ដែលខ្លួនពេញចិត្ដ ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ។ ជាមួយគ្នានេះដែរ រួមជាមួយក្រុមការងារថា្នក់ខណ្ឌ សង្កាត់ លោកក៏បានចែកនូវអំណោយមនុស្សធម៌ ជូនលោកតា លោកយាយ ចំនួន ៥៦៨នាក់ ក្នុងម្នាក់ទទួលបាន ក្រមា ម្នាក់១ និងថវិកា១ម៉ឺនរៀល ផងដែរ៕