(រតនគិរី)៖ ជនជាតិវៀតណាមមួយក្រុម បានលួចឆ្លងដែនមកកាប់ឈើក្នុងទឹកដីកម្ពុជា នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចប្រសព្វ៣ស្រុក គឺស្រុកអូរយ៉ាដាវ ស្រុកបកែវ ស្រុកអណ្តូងមាស ហើយខណៈពេលនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួន។
តាមរបាយការណ៍របស់មន្ដ្រីមូលដ្ឋាន បានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មាន កម្លាំងជំនាញ បានចុះទៅដល់កន្លែងសង្ស័យភា្លមៗ ជាក់ស្ដែងពេលចុះទៅដល់ គឺឃើញតែគំនរឈើមូលប្រភេទស្រឡៅ និងសុក្រម មានចំនួនរាប់ពាន់កំណាត់ទើបកាត់ថ្មីៗ ត្រូវបានគេអូសមកដាក់នៅជាប់និងផ្លូវគឺត្រៀមនឹងដឹកចេញ។
បើតាមការសាកសួរ ពីបងប្អូនជនជាតិច្រាយខ្មែរ ធ្វើចំការនៅក្បែរនោះ បញ្ជាក់ថា មានជនជាតិវៀតណាម និងគ្រឿងចក្រជាច្រើន ចូលមកកាត់អារឈើក្នុងព្រៃសហគមន៍នេះជាច្រើនថ្ងៃមកហើយ ពីរថ្ងៃមុននេះស្រាប់តែឃើញចេញទៅវិញមិនដឹងមានបញ្ហាអ្វី។
តែទោះជាយ៉ាងណាកម្លាំងមូលដ្ឋាន បង្ហើបថា ឈើទាំងនេះអាច នឹងលួចដឹកក្នុងឱកាសពេលចូលឆ្នាំខ្មែរចេញ ទៅវៀតណាមតាមច្រករបៀងព្រំដែន ក្នុងតំបន់គ្រប់គ្រងរបស់វរៈការពារព្រំដែនលេខ៦៣២ ប្រសិនបើគ្មានប្រតិកម្មណាមួយកើតឡើងនោះទេ៕