(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ រួមជាមួយសហការី ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន ដែលងាយងាយរងគ្រោះបំផុត ចំនួន៤០គ្រួសារ ក្នុងបរិវេណវត្តស្វាយដង្គំ ស្រុកពួក។
គ្រួសារក្រីក្រទាំងអស់នេះ មកពីឃុំកែវពណ៌៦គ្រួសារ, ឃុំសំរោងយា៦គ្រួសារ, ឃុំខ្នាត៧គ្រួសារ, ឃុំពួក៧គ្រួសារ, ឃុំល្វា៧គ្រសារ និងឃុំដូនកែវ៧គ្រួសារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
លោកស្រី គួយ ណាលីន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រីភរិយាអភិបាលខេត្ត បន្តថា រដូវភ្លៀងធ្លាក់ជិតចូលមកដល់ហើយសូមបងប្អូនទាំងអស់ ត្រូវចេះប្រុងប្រយ័ត្ន ចំពោះសុខភាព ពិសេសកូនៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
បើតាមលោកស្រី ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដីតែ ក៏អាច ជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ គ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមាន គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និង ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ពិសេសនាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ សូមទេព្ដាឆ្នាំថ្មីជួយថែរក្សាបងប្អូនទាំងអស់ បានជួបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ សារុង១, សាប៊ូលុច្ស២ដុំ, សាប៊ូម្សៅ ១កញ្ចប់, ច្រាសដុសធ្មេញ១ដើម, ថ្នាំដុសធ្មេញ១បំពង់, ទឹកស៊ីអ៊ីវ១យួរ, អំបិល១គីឡូក្រាម, ប្រេងឆា១ដប, នំធុង១ធុង, អង្ករ២៥គីឡូក្រោម, ទឹកបរិសុទ្ធ១យួរ និងថវិកា២ម៉ឺនរៀល៕