(បាត់ដំបង)៖ ពលរដ្ឋឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្តេជ្ញាថា នឹងបោះឆ្នោតជូនក្រុមប្រឹក្សា​គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីប្រធានគណៈពង្រឹងឃុំបានដោះស្រាយ ធ្វើផ្លូវថ្នល់ ជីកប្រឡាយ ដាក់លូ របងសាលារៀន ពិសេសបានប្តូរពីផ្ទះស្បូវ ទៅជាផ្ទះប្រក់សង្កសីវិញគ្មានសល់តាមសំណូមពររបស់ពួកគាត់បានដូចបំណង ។ ពលរដ្ឋបាននិយាយដូច្នេះ ខណៈពេលក្រុមការងារបានចុះពិនិត្យបើកការដ្ឋាន​ធ្វើផ្លូវនារសៀលថ្ងៃទី៨ខែមេសាឆ្នាំ​២០១៧នេះនៅក្នុងឃុំភ្នំសំពៅស្រុកបាណន់។

លោក ហែម ថេង ប្រធានក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅបានឲ្យដឹងថា បន្ទាប់ពីកសាងសមិទ្ធិផលជាច្រើន​សន្ធឹកសន្ធាប់ហើយក៏ដោយ តែតម្រូវការរបស់ប្រជាពលរដ្ឋនៅតែត្រូវការក្រុមការងារ​CPPឃុំភ្នំសំពៅយើងជួយ​ពួកគាត់ជានិច្ច។

ជាក់ស្តែងនៅរសៀលថ្ងៃនេះ លោកបានដឹកនាំបេក្ខភាពក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ សកម្មជនបក្សឃុំ ចុះបើកការដ្ឋានធ្វើផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែមានប្រវែង៨៧១ម៉ែត្រ ទទឹង៤ម៉ែត្រ កម្ពស់១ម៉ែត្រ ស្ថិតក្នុងភូមិភ្នំសំពៅកើតឃុំភ្នំសំពៅ និងបានជួយដោះស្រាយភ្លាមៗតាមសំណូមណរពលរដ្ឋសុំចាក់ដីផ្លូវ១ខ្សែអស់តម្លៃ២០០ដុល្លា និងបន្តទៅមើលសាលាមត្តេយ្យភ្នំសំពៅ គឺជួយធ្វើរបងសាលាខាងមុខនិងទ្វារ បន្ទាប់ពីជាងបានសិក្សាតម្លៃរួច នៅក្នុងឱកាសចុះពិនិត្យធ្វើរបងសាលាមត្តេយ្យនេះដែរ លោកប្រធានក្រុមការងារបានឧត្ថមដល់អ្នកគ្រូ៧នាក់ ម្នាក់ៗទទួលបាន៣ម៉ឺនរៀល និងកូនសិស្សមត្តេយ្យ៤៨នាក់ ម្នាក់ៗទទួលបាន៤ពាន់រៀល។

នៅរសៀលថ្ងៃដដែលក្រុមការងារបានចុះពិនិត្យមើលការជីកប្រឡាយ ធ្វើផ្លូវ និងដាក់លូ១កន្លែងទៀតមឆនប្រវែង១.២៧០ម៉ែត្រ ដោយបានកសាងជិតចប់១០០% ហើយ។ ដោយសារក្រុមការងារពង្រឹងមូលដ្ឋានបានយកចិត្តទុកដាក់ គិតគូជួយដោះស្រាយគ្រប់បញ្ហានិងសំណូមមិនដែលខាននេះហើយ ទើបធ្វើឲ្យពលរដ្ឋក្នុងតែងតែស្រឡាញ់គាំទ្រCPPរហូតមក ដោយអាណត្តិក្រុមប្រឹក្សាឃុំមុនបានអសនៈ៨លើ៩ តែអាណត្តិនេះគឺប្តេជ្ញាចិត្តយកជ័យជមន្នះដាច់ទាំង៩អសនៈ ជូនក្រុមប្រឹក្សាឃុំCPPឲ្យបាន ដើម្បីរីកចម្រើនឃុំភ្នំសំពៅទៅអនាគត់។