(សៀមរាប)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប ជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការទាំង៦ ទីចាត់ការអង្គភាព ចំណុះរដ្ឋបាលសាលាខេត្តសៀមរាប ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ដោយមានការចូលរួមពីលោក លោកស្រី ជាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមផងដែរ។

ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានមានមតិសំណេះ សំណាល ដោយបានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្មករ រដ្ឋបាល សាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង។

លោកអភិបាលខេត្ត បន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមគោលនយោបាយ ឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូល មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។

បើតាមលោក ឃឹម ប៊ុនសុង ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ បាននឹងកំពុងក្លាយជា គោលដៅទាក់ទាញភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ព្រមទាំងធ្វើឲ្យជីវភាពប្រជាពលរដ្ឋ និងបងប្អូនមន្ត្រីរាជការ កម្មករ មានភាពប្រសើរឡើង។

ម៉្យាងទៀតក្រុងបុរាណប្រវត្តិសាស្ត្រ បានកំពុងកែប្រែនូវមុខមាត់ថ្មី នូវសោភណ្ឌភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦០.២៥៦១ ដែលគ្រោងនឹង ប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ហើយក៏ភាពជោគជ័យចំនួន៤លើកមក គឺអាស្រ័យដោយ កិច្ចសហការ និងការចូលរួមរបស់មន្ត្រីរាជការសាលាខេត្តផងដែរ។

លោកអភិបាលខេត្ត លើកឡើងថា នេះជាប្រពៃណីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរដូវបុណ្យចូលឆ្នាំ ដែលជាទំនៀមទំលាប់ ប្រពៃណីជាតិម្តងៗ តែងតែធ្វើការជួបសំណេះសំណាលជាមួយបងប្អូនជា មន្ត្រីចូលនិវត្តន៍ដែលជារៀបច្បង និងបងប្អូនមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា រដ្ឋបាលសាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា ដើមី្បឲ្យបងប្អូនយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើមី្បឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅ តាមរយៈព្រះសង្ឃជាស្រែបុណ្យ និងទទួលទេវតាឆ្នាំថ្មី ព្រមទាំងបង្សុកូលជូនវិញ្ញាណក្ខ័ន្ធអ្នកមានគុណ​ ដែលចែកឋានទៅបានទទួល និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

ជាមួយគ្នានោះដែរ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន និងផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ ពេលវេលា និងធ្វើការគ្រប់គ្រងឲ្យបានល្អចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការ និងអង្គភាពទាំង៦ ត្រូវមានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ និងបានលើកឡើងពីការរៀបចំបង្កើតអង្គភាពច្រកចេញចូល តែមួយរបស់រដ្ឋបាលខេត្ត ក្នុងការសម្រួលដល់ការទំនាក់ទំនង និងផ្តល់សេវាទាន់ពេលជូនប្រជាពលរដ្ឋ ក្នុងគោលដៅ លុបបំបាត់នូវអំពើពុករលួយនៅតាមបណ្តា មន្ទីរ អង្គភាព និងសូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់នៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីនេះ។
 
ជាចុងបញ្ចប់ លោកអភិបាលខេត្ត បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូប ដល់បណ្តាលទីចាត់ការ និងអង្គភាពទាំង៦ និងតំណាង មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងកម្មករអណ្តែតផងដែរ៕