(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរឥស្លាមនៅក្នុងខេត្តព្រះវិហារ និង ខេត្តកំពង់ធំ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋសូមត្រៀមខ្លួន ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អោយបានគ្រប់ៗគ្នា ព្រោះនៅសល់រយៈពេលខ្លីតែប៉ុណ្ណោះ ដែលការបោះឆ្នោតនឹងចាប់ផ្តើម។
ពិធីសំណេះសំណាលសាកសួរសុខទុក្ខនេះ បានប្រារព្ធធ្វើឡើងដោយបានចាប់ផ្តើមពីក្រុងព្រះវិហារខេត្តព្រះវិហារ បន្តមកក្រុងស្ទឹងសែន ខេត្តកំពង់ធំ និង បានបញ្ចប់ត្រឹម ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។
លោករដ្ឋមន្រ្តីប្រតិភូបានលើកឡើងថា សូមបងប្អូនកុំស្រមើលស្រមៃ ចង់បាននូវការសន្យាខ្យល់ ប្រៀបបាននឹងការចង់បានចាបដែលកំពុងហើរនៅលើមេឃ ដោយសុខចិត្តលែងចាប ដែលមានស្រាប់នៅក្នុងដៃ។
លោកបន្តថាគោលនយោបាយល្អៗដែលបងប្អូនទទួលបានសព្វថ្ងៃ វាបានកើតឡើងដោយសារការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់បងប្អូនក្នុងការជ្រើសរើសមេដឹកនាំ។ ដូច្នេះសូមបងប្អូននៅតែបន្តការ គាំទ្រដ៏ច្រើនលើសលប់ចំពោះ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខតទៅទៀត ដើម្បីយើងនឹងបន្តរស់នៅក្នុងសុខសន្តិភាព និង ការអភិវឌ្ឍ។
នៅក្នុងជំនួបនេះប្រជាពលរដ្ឋបានអបអរសាទរ និង កោតសរសើរពីការដឹកនាំ និងការផ្តល់នូវភាពកក់ក្តៅ របស់ ប្រមុខរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ខណៈពេលជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូខ្មែរឥស្លាម ក៏បានសម្តែងការត្រេកអរ ជាពន់ពេក ដែលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចូលគ្រូបង្រៀន ខ្មែរឥស្លាម ១,៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀន របស់ក្រសួងអប់រំ យុវជន និង កីឡា របស់រដ្ឋ។ គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនវិហារឥស្លាមនៅតាមមូលដ្ឋាននីមួយៗខាងលើ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក៏ដូចជាការចំណាយផ្សេងៗរបស់វិហារ ដោយផ្តល់ជូនវិហារឥស្លាមក្រុងខេត្តព្រះវិហារ ថវិកា ២០០ដុល្លារ វិហារឥស្លាមក្រុងស្ទឹងសែន ថវិកា៥០០ដុល្លារ និង វិហារឥស្លាមភូមិត្រពាំងឈូក ថវិកា៣លានរៀលផងដែរ៕