(ពោធិ៍សាត់)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា និងលោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតី ក្នុងរាត្រីសមោស អបអរសាទរខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានទីតាំងស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកឧកញ៉ា បណ្ឌិត ជា រតនា និងលោកស្រី លីហៀក រតនា លោកឧកញ៉ា លោកស្រី លោកឧកញ៉ា និងសម្បុរសជនជាង២ពាក់នាក់ ព្រមទាំងប្រមូលថវិកាបានជាង ២០ម៉ឺនដុល្លារអាមេរិក។
លោក ម៉ៅ ធនិន បានថ្លែងថា ជួសមុខឲ្យក្រុមប្រឹក្សា គណៈអភិបាល គណៈកម្មាធិការសាខា គណៈកម្មការស្វែងរកមូលនីធិ អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវគាវរកិច្ចចំពោះ លោក កែវ រតនៈ និងលោកស្រី ព្រមទាំងលោកឧកញ៉ា លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងរាត្រីសមោស អបអរសាទរខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” នៅលើទឹកដីខេត្តពោធិ៍សាត់នាពេលនេះ។ ការប្រារព្ធទិវានេះ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយផង និងឲ្យមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ដែលកំពុងអនុវត្តដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦ បានធ្វើសកម្មភាពឆ្លើយតបចំពោះប្រជាពលរដ្ឋរងគ្រោះបានចំនួន ៥៦៥៤គ្រួសារ ក្នុងនោះថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជាបានចំនួន ១៩១៤គ្រួសារ ដូចជាភ្លើងឆេះផ្ទះ ខ្យល់កន្ត្រាក់រលំផ្ទះ ទឹកជំនន់ រាំងស្ងួត ទុរគតជន ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកផ្ទុកមេរោគអេដស៏ និងគ្រោះថ្នាក់ផ្សេងៗ។
លោក កែវ រតនៈ បានពាំនាំ និងការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរចំពោះ លោកឧកញ៉ា បណ្ឌិត ជា រតនា និងលោកស្រី លីហៀក រតនា លោកឧកញ៉ា លោក លោកស្រី និងសម្បុរសជន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រជាមនុស្សធម៌ ដល់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ជាង៥ឆ្នាំមកហើយ។ លោកបានបន្តថា កាកបាទក្រហមកម្ពុជា នៅតែបន្តជួយដល់ជនរងគ្រោះ និងខ្វះខាត នៅតាមមូលដ្ឋានគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ តាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ និងវប្បធម៌ចែករំលែកចាប់ផ្តើមពីខ្ញុំ”។ ក្នុងឆ្នាំ២០១៧នេះ នៅមានកិច្ចការធំៗជាច្រើន ត្រូវរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា និងធ្វើការឆ្លើយតបទៅនឹងវិបត្តិទាំងនោះ ដើម្បីជាក្តីសង្ឃឹម និងភាពកក់ក្តៅរបស់ជនរងគ្រោះ។ លោកបន្តទៀតថា សកម្មភាពមនុស្សធម៌ គឺគ្មានព្រំដែនកំណត់ទេ និងទាមទារកម្លាំងច្រើនចូលរួម ពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរសហប្រតិបត្តិការនានា ដែលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
ឆ្លៀតក្នុងឱកាសនោះ គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំឲ្យមានចាប់រង្វាន់ចំនួន ១៤៥រង្វាន់ ក្នុងនោះម៉ូតូ ៣រង្វាន់ ទូរទឹកកក ៤គ្រឿង ទូរទស្សន៍ SAMSUNG LED 32"ចំនួន ៥រង្វាន់ ទឹកប្រាក់២០០ដុល្លារ ២រង្វាន់ ទឹកប្រាក់១០០ដុល្លារ ៦រង្វាន់ កង់ហាត់ប្រាណ ១០រង្វាន់ ឆ្នាំងដាំបាយអគ្គីសនីធំ ១០រង្វាន់ កង្ហារបញ្ឈរធំ ១០រង្វាន់ ឆ្នាំងអ៊ុតអគ្គីសនីធំ ១០រង្វាន់ ធុងទឹកកកធំ ៥រង្វាន់ តូច ១០រង្វាន់ និងមួកសុវត្ថិភាព ៧០រង្វាន់ សរុបជាទឹកប្រាក់១០៨៥០ដុល្លារអាមេរិក៕