(ជប៉ុន)៖ នៅក្នុងជំនួបពិភាក្សាជាមួយ លោក ហ៊ីរ៉ូយូគិ អ៊ីឆិកេ (Hiroyuki ISHIGE) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នាថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានព្រមព្រៀងបង្កើតឲ្យមានព្រឹត្តិការណ៍ជំរុញធរុកិច្ចកាន់តែច្រើន ដើម្បីផ្តល់ឱកាសដល់ធុរជនកម្ពុជា និងជប៉ុន អាចធ្វើការផ្លាស់ប្តូរព័ត៌មានអាជីវកម្ម និងបទពិសោធន៍គ្នាទៅវិញទៅមក។  

លោក ប៉ាន សូរស័ក្តិ និងលោក ហ៊ីរ៉ូយូគិ អ៊ីឆិកេ បានធ្វើការពិភាក្សាលើបញ្ហានានា ពាក់ព័ន្ធនឹងការពង្រីកអាជីវកម្មក្រុមហ៊ុនជប៉ុន និងការបង្កើនចំនួនវិនិយោគិនជប៉ុននៅកម្ពុជា ក៏ដូចជាការទាក់ទាញធរុកិច្ច និងការបណ្តាក់ទុនពីប្រទេសជប៉ុន ព្រមទាំងប្រទេសនៅក្នុងតំបន់ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។

លោករដ្ឋមន្រ្តី បានសំដែងការស្វាគមន៍ចំពោះ លោក ហ៊ីរ៉ូយូគិ អ៊ីឆិកេ ប្រធានអង្គការ JETRO ដែលគ្រោងនឹងរៀបចំដំណើរបេសកកម្មវិស័យឧស្សាហកម្ម ម្ហួបអាហារមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ កំពុងដឹកនាំប្រតិភូកម្ពុជានៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីដំណើរទស្សកិច្ចផ្សព្វផ្សាយរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី០៦ ដល់ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្វែងយល់ និងសិក្សាអំពីដំណោះស្រាយបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗពីក្រុមហ៊ុនកំពូលៗរបស់ជប៉ុន៕