(កណ្តាល)៖ សមិទ្ធផលនានាដែលចំណាយថវិកាជិត៦ម៉ឺនដុល្លារ ​រួមមាន៖ ​អាស្រមដាក់រូបសំណាក «តាគហ៊េ» សំណាកព្រះរាជកុមារ បក្សីចាំ​ក្រុង សាលាបុណ្យ និងទីធ្លានៅក្នុងរមណីយដ្ឋាន សក្ការៈតាគហ៊េ ដែលទាក់ទិនប្រវត្តិរឿង បក្សីចាំក្រុង ស្ថិតក្នុងភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧​នេះ ក្រោមវត្តមានលោក វង្សី វិស្សុត ​ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកមុខកំពូល។

​លោក វង្សី វិស្សុត ​បានលើកឡើងថា គោលបំណង នៃការផ្តូចផ្តើមធ្វើការកសាង និងជួសជុលឡើងវិញ នូវរមណីយដ្ឋានទីសក្ការៈតាគហ៊េនេះ គឺដើម្បីបម្រើឲ្យមូលដ្ឋានខាងជំនឿ របស់បងប្អូនប្រជាពលរដ្ឋ​ នៅឃុំ​រកាកោង ​ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅផងដែរ ចំពោះបុណ្យបារមី និងភាពស័ក្កសិទ័របស់ ទួលតាគហ៊េ ដូចមានដំណាលអំពីប្រវត្តិព្រះរាជកុមារបក្សីចាំក្រុង នៅក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរ របស់ក្រុមជំនុំទំនៀម ទម្លាប់ខ្មែរ នៃវិទ្យាស្ថានពុទ្ធសាសបណ្ឌិត​។

លោកបន្ដថា ក្នុងន័យនេះ​ការសម្ពោធដាក់ឲ្យប្រើប្រាស់នូវ សមិទ្ធផលខាងលើនេះ គឺជាការផ្សារភ្ជាប់ជាមួយនឹងការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ បន្ថែមពីលើសមិទ្ធផល​ជាច្រើនរាប់មិនអស់ ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាល និងគណបក្ស ប្រជាជនកម្ពុជា នៅក្នុងស្រុកមុខកំពូល។

លោក វង្សី វិស្សុត បញ្ជាក់អំពីការកែទម្រង់ និងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព និងសម្រាលការលំបាក របស់ប្រជាជនជាបន្តបន្ទាប់ ជាពិសេសការបញ្ចុះថ្លៃអគ្គិសនី ដែលនឹងបានគុណប្រយោជន៍ ដល់ប្រជាជនទូទៅនៅទូទាំងប្រទេស ជាពិសេសអ្នកដែលមានចំណូលទាប​ ហើយរាជរដ្ឋាភិបាលនឹងបន្តដាក់ចេញ នូវគោលនយោបាយនេះជាបន្តបន្ទាប់ទៀត ដើម្បីជាការបន្តនូវប្រពៃណីរួម សុខរួមទុក្ខគ្រប់កាលៈទេសៈជាមួយនឹងប្រជាជន​។

នៅក្នុងឱកាសនោះដែរ លោកបានធ្វើអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់រួមដៃគ្នា ដើម្បីបុព្វហេតុ នៃការអភិវឌ្ឍន៍ប្រទេស និងដើម្បីរួមគ្នាលុបបំបាត់ នូវសកម្មភាព អសកម្មផ្សេងៗនៅមូលដ្ឋាន ដូចជាការប្រើប្រាស់ និងជួញដូរគ្រឿងញឿន និងល្បែងស៊ីសងគ្រប់ប្រភេទ។

ក្នុងបរិយាកាសសប្បាយរីករាយ ជាមួយ​ប្រជាពលរដ្ឋឃុំរកាកោង ក្នុងការទទួលបាននូវសមិទ្ធផលខាងលើនេះ លោក វង្សី វិស្សុត និងក្រុមការងារបានចែកជូនថវិកា កំដរដៃមួយចំនួន ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលបាន​មកចូលរួមទាំងអស់ និងបានបួងសួងដល់បារមីនៃទួលតាគហ៊េ សូមជួយបីបាច់ថែរក្សា បងប្អូនប្រជា​ពលរដ្ឋអ្នករកាកោង និងស្រុកមុខកំពូលទាំងអស់ សូមប្រទះតែនឹងសេចក្តីសុខ ចំរុងច្រើន សុខមង្គលគ្រប់ប្រការ នៅក្នុងឱកាសឆ្នាំថ្មីដែលនឹងចូលមកដល់នៅពេលខាងមុខ។

​ក្នុងឱកាសនោះដែរ លោកបានណែនាំដល់ក្រុម​ការងារ ប្រចាំឃុំនីមួយៗ និងអាជ្ញាធរដែនដី ត្រូវរៀបចំបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ បានកំសាន្ត​សប្បាយ នៅតាមមូលដ្ឋានរៀងខ្លួនៗ ហើយត្រូវណែនាំដល់ពលរដ្ឋក្នុងមូលដ្ឋាន សូមកុំភ្លេច​ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅទី០៤ ខែមិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា​៕