(កណ្តាល)៖ ដូនចាស់ជរាក្រីក្រគ្មានទីពឹង ទាំងអ្នកខ្លះពិកាផង ប្រមាណជាង១២០នាក់ នៅស្រុកកោះធំ ជាយដែនខេត្តកណ្តាល បានទទួលសង្គហធម៌ ប្រាក់ឧបត្ថម្ភ និងការស្រង់ព្រះ (ងូតទឹក) យ៉ាងយកចិត្តទុកដាក់ តាមបែបព្រះពុទ្ធសាសនា ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកវីតាល់ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
នេះគឺជាលើកទី២ ហើយដែលក្រុមហ៊ុនវីតាល់ បានប្រារព្ធកម្មវិធីសប្បុរសធម៌ធំបែបនេះ ដែលវីតាល់ បានផ្សាភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយនឹងទំនៀមទំលាប់ខ្មែរបុរាណ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ ។ ពិធីស្រង់ព្រះនេះប្រារព្ធទៅនៅស្រុកកោះធំ ជាយដែនព្រំប្រទល់កម្ពុជា-វៀតណាម ដែលវីតាល់បានសហការ ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការប្រមូលដូនចាស់ ដែល មានជីភាពទីទាល់ក្រ ដែលខ្លះរស់នៅយ៉ាងពិបាក ខ្វះមុខខ្វះក្រោយ ព្រោះគ្មានទីពឹងគ្មានកូនចៅឧបត្ថម្ភ ដើម្បីទទួលបានឧបត្ថម្ភសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងស្រង់ព្រះជូនពួកគាត់ តំណាងដោយព្រះ ជូនពរដល់លោកតា លោកយាយមានអាយុយឺនយូរ និងសុខភាពល្អ ត្រជាក់ត្រជុំ ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិ្តបត្តិ នៃក្រុមហ៊ុនទឹកពិសាវីតាល់ និងជាអ្នកផ្តួតផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះ បានថ្លែងថា «ក្នុងនាមនាងខ្ញុំជាខ្មែរមួយរូប នាងខ្ញុំយល់ច្បាស់ពីសារសំខាន់នៃពិធីស្រង់ព្រះ នាងខ្ញុំ និងគ្រួសារគឺតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីសន្សំកុសលផលបុណ្យ និងដើម្បីកម្មវិធីជម្រើនព្រះជន្ម និងផ្តល់សិរីសួស្តី ដល់ចាស់ជរាគ្មានទីពឹង ក្នុងឱកាសចូលឆ្នាំថ្មីរបស់ខ្មែរយើងចូលមកដល់ ។ ចំពោះចាស់ជរាដែលយើងនឹងផ្តល់ជាការស្រង់ព្រះ គឺសុទ្ធសឹងជាជីដូនជរាក្រខ្សត់គ្មានទីពឹង។ នាងខ្ញុំក៏ដូចជាក្រុមហ៊ុន វីតាល់ សង្ឃឹមថា កម្មវិធីសង្ឃហធម៌លើកនេះ អាចរក្សាបុណ្យបានច្រើនជូនត្រឡប់ទៅអតិថិជន ទាំងអស់ដែលតែងតែគាំទ្រវីតាល់ ដែលតែងតែគាំទ្រវីតាល់ តាំងពីដើមរាងមក បើគ្មានការគាំទ្ររបស់អតិថិជនទេ ក៏គ្មានស្នាមញញឹមដ៏ស្រស់ស្អាតរបស់ដូនចាស់ជរានេះដែរ»។
កម្មវិធីស្រង់ព្រះវីតាល់ គឺពិតជាពិសេសជាងកម្មវិធីធម្មតា ត្រង់ថាដូនចាស់ទាំង១២០នាក់ មិនត្រឹមតែទទួលបានការងូតទឹកស្អាតខ្លួនបែបព្រះពុទ្ធសាសនាប៉ុណ្ណោះទេ លោកតាលោកយាយក៏នឹងទទួលបានខោអាវថ្មីមួយកំផ្លេ ក្រមា២ អង្ករ១០គីឡូ ទឹកវីតាល់មួយកេសធំ ទឹកដោះគោខាប់៦កំប៉ុង ត្រីខមួយឡូ ថ្នាំពេទ្យ ទឹកស៊ីអ៉ីវ១យួរ អបិល និងស្ក១គីឡូ ព្រមទាំងថវិការ ៥ម៉ឺនរៀលផងដែរ។ លើសពីនេះទៅទៀតលោកតា លោកយាយ ក៏ទទួលបានការញ៉ាំភោជនីយអាហារយ៉ាងឈ្ងុយឆ្ងាញ់ រៀបចំ និងបម្រើយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារវីតាល់ទៀតផង។
បន្ទាប់ពីទទួលបានការស្រង់ព្រះ នឹងប្លាស់ខោអាវថ្មីដ៏ស្រស់ស្អាតរួចមក លោកតាម្នាក់ឈ្មោះ ថង លន អាយុ ៩០ឆ្នាំ បានសម្តែងភាពសប្បាយរីករាយថា «ថ្ងៃនេះតា សប្បាយចិត្តណាស់ព្រោះបានអំណោយច្រើន ហើយអាហារគេឆ្ងាញ់ៗទៀត អ្នកធ្វើបុណ្យឲ្យគេបានធ្វើពិធីស្រង់ព្រះឲ្យទៀត យើងមិនជាប់សាច់ឈាមអីហ្នឹងគ្នា តារំភើបមែនទែន។
កម្មវិធីស្រង់ព្រះត្រូវបានដូនតាខ្មែរអនុវត្តតាំងតែពីដើមមក ដោយមានជំនឿថា ជាការធ្វើបែបនេះគឺជាការសន្សំបុណ្យកុសល បានច្រើនក្នុងផ្លូវព្រះពុទ្ធសាសនា ព្រោះចាស់ព្រឹទ្ធាចារ្យ គឺប្រៀបបាននឹងព្រះរស់សម្រាប់កូន ចៅគ្រប់គ្នា។ ដូច្នេះហើយទើបវីតាល់បានពាំនាំមូលនិធិ២៥៛ ចូលរួមក្នុងសទ្ធាដ៏ជ្រះថ្លានេះ ដើម្បីសន្សំបុណ្យកុសលត្រឡប់ទៅអាថិជនវីតាល់វិញ ដែលបានចូលរួមចាប់មគ្គផល ២៥៛ ក្នុងការជាវទឹកវីតាល់មួយដប។ វីតាល់សង្ឃឹមថានឹងទទួលបានការគាំទ្រពីសំណាក់អតិជនទូទាំងប្រទេស ដើម្បីឲ្យវីតាល់មានទឹកចិត្ត នឹងបន្តគម្រោងនៃកម្មវិធីស្រង់ព្រះនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាតំបន់ដាច់ស្រយាលក្រីក្រដទៃទៀត។
គួរបញ្ជាក់ផងដែរថា ដោយសារតែមានការគាំទ្រខ្លាំងពីអតិថិជន វីតាល់ ធ្វើឲ្យមូលនិធិ២៥៛ របស់វីតាល់មានកញ្ចប់កាន់តែធំ ដែលនេះជាឱកាសល្អដែលវីតាល់ គួរតែពាំនាំបុណ្យកុសល ពីកម្មវិធីស្រង់ព្រះនេះត្រលប់ជូន ដល់អតិថិជនវីតាល់វិញ ឲ្យពួកគាត់បានចាប់មគ្គផលទាំងអស់គ្នាជាមួយវីតាល់ ។ «វីតាល់មោទនភាព ផលិតផលជាតិ» ៕