(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត (Wing) និងវិទ្យាស្ថានពាណិជ្ជសាស្រ្ដ បានចុះអនុស្សារណៈនៃការយោគយល់ (MoU) ស្ដីពីការឧបត្ថម្ភអ៊ីនធឺណិតដោយមិនគិតថ្លៃ រយៈពេល៣ឆ្នាំ ជូនវិទ្យាស្ថានពាណិជ្ជសាស្រ្ដ ដើម្បីឱ្យនិស្សិតអាចប្រើប្រាស់អ៊ីនធើណិតឱ្យបានទូលំទូលាយឡើង។ ជាមួយគ្នានេះ វីងក៏បានផ្តល់បើកគណនីវីងឥតគិតថ្លៃ និងផ្ដល់ឱកាសការងារដល់និស្សិត នៃវិទ្យាស្ថាននេះដែរ។
តាមរយៈសកម្មភាពនេះ វិទ្យាស្ថានអាចទទួលបានការប្រើប្រាស់ អ៊ីនធើណិតដោយសេរី អាចប្រើប្រាស់គណនីវីង ដែលធ្វើឲ្យសិក្សានុសិស្សងាយស្រួលក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាមួយវីង បញ្ចូលលុយទូរស័ព្ទ ទិញសំបុត្រកុន ឬសំបុត្រឡានក្រុងតាមអនឡាយជាដើម។ ជាពិសេស ការផ្ដល់ជូននូវឱកាសការងារជូនដល់និស្សិត ដែលជិតបញ្ចប់ការសិក្សាពីវិទ្យាស្ថាន ឬសាកលវិទ្យាល័យផ្សេងៗ។ ជាមួយនឹងបេសកម្មរបស់ក្រុមហ៊ុន រីងមានគោលបំណងលើកកម្ពស់ការជួយសង្គម ក្នុងការដោះស្រាយតម្រូវការនៃការអភិវឌ្ឍប្រទេស ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចជាដើម។
លោកស្រី Franchette Cardona នាយកគ្រប់គ្រងផ្នែកទីផ្សារ បានថ្លែងឲ្យដឹងថា «ការជួយសង្គមគឺជារឿងសំខាន់ដល់ការទ្រទ្រង់របស់រដ្ឋាភិបាល និងសង្គមទូទៅ ហើយខ្ញុំជឿកជាក់ថាការផ្ដល់ជូននេះ គឺជាការជះឥទ្ធិពលដ៏ល្អដល់សិស្សនិស្សិត ក្នុងការប្រើប្រាស់យុទ្ធសាស្រ្តសិក្សាការកាន់តែប្រសើរជាងមុន តាមរយៈកិច្ចសហការនេះ ហើយវីង នឹងធ្វើការផ្ដល់ជូនបែបនេះបន្តទៀត ទៅសាកលវិទ្យាល័យផ្សេងៗ ក្នុងប្រទេសកម្ពុជារួមទាំងសាកលវិទ្យាល័យនៅតាមបណ្ដាខេត្តផងដែរ»។
លោកស្រីបន្ថែមទៀតថា ការឧបត្ថម្ភអ៊ីនធើណិត ដល់សិស្សនិស្សិត នឹងជំរុញឲ្យនិស្សិតទាំងអស់ អានរៀនតាមបែបតិណូឡូជី កាន់តែងាយស្រួលជាងមុន នៅពេលដែលពួកគេធ្វើសិក្សាជាមួយធនាគារវីង និងការបើកជូនគណនីវីង ដោយឥតគិតថ្លៃទៅកាន់និស្សិតគ្រប់រូប ដើម្បីឲ្យពួកគេបានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចនៅប្រទេសជិតខាង ដែលមិនធ្លាប់មានពីមុននៅក្នុងប្រទេសកម្ពុជា។
លោក តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជកម្មសាស្រ្ដ បានឲ្យដឹងថា «ខ្ញុំមានសេចក្ដីសោមន្សណាស់ ដែលរីងបានធ្វើការចុះកិច្ចសហការនេះ ក្នុងការនាំមកនូវបច្ចេកវិទ្យាថ្មីៗជាពិសេស គឺការផ្ដល់ជូនឱកាសការងារដល់និស្សិត ដែលជួយនិស្សិតនូវចំណេះធ្វើបន្ថែមទៀតជាមួយវីង»។ លោកបន្តថា «ខ្ញុំសង្ឃឹមថា វីងនឹងនៅតែបន្តសកម្មភាពមនុស្សធម៌បែបនេះ នៅកន្លែងផ្សេងៗ ទៀតដែលជួយជាប្រយោជន៍ដល់ប្រទេសទាំងមូល»។
សូមបញ្ជាក់ថា ចាប់ផ្ដើមក្នុងឆ្នាំ២០០៩ វីងគឺជាធនាគារឯកទេស ដែលឈានមុនគេលើសេវាទូទាត់សាច់ប្រាក់តាមទូរស័ព្ទ ក្នុងប្រទេសកម្ពុជា បានធ្វើការសហការជាមួយដៃគូជាច្រើន ដើម្បីពង្រឹងនូវ សេវាហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា។ តាមរយៈសេវាកម្មរបស់ខ្លួនវីង បានជួយសម្រាលប្រជាជនខ្មែរលើការផ្ទេរប្រាក់ បានកាន់តែលឿន សុវត្ថិភាព និងងាយស្រួលជាងមុន៕